(ម៉ូស្គូ)៖ ការធ្វើតេស្ដបឋមចំពោះឧទ្ធម្ភាគចក្រយោធាដឹកជញ្ជូនធុនធ្ងន់ ទំនើបចុងក្រោយបំផុត Mi-26T2V ត្រូវបានគេរំពឹងថា នឹងបញ្ចប់ទំាងស្រុងនៅត្រឹមចុងឆ្នាំ២០១៨ នេះមុននឹងការធ្វើតេស្ដសាកល្បងជាផ្លូវការ នឹងត្រូវចាប់ផ្ដើមធ្វើឡើង។ នេះបើតាមក្រុមហ៊ុន Russian Helicopters ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់ Sputnik ការិយាល័យព័ត៌មានរបស់ក្រុមហ៊ុន Russian Helicopters បានឱ្យដឹងយ៉ាងដូច្នេះថា «ក្រុមហ៊ុន Russian Helicopters នឹងបញ្ចប់ទាំងស្រុងនូវការធ្វើតេស្ដបឋមឧទ្ធម្ភាគចក្រយោធា ដឹកជញ្ជូនធុនធ្ងន់ទំនើបចុងក្រោយបំផុត Mi-26T2V ក៏ដូចជានឹងចាប់ផ្ដើមធ្វើតេស្ដរួមគ្នា ជាមួយរដ្ឋាភិបាលនៅចុងឆ្នាំ២០១៨ នេះ»។
គួរជម្រាបថា បើតាមក្រុមហ៊ុន Russian Helicopters ឧទ្ធម្ភាគចក្រយោធា Mi-26T2V ត្រូវបានបំពាក់ដោយបរិក្ខាទំនើបជាច្រើន ដែលអាចអនុញ្ញាតឱ្យពីឡុតបើកបរទាំងនៅក្នុងស្ថានភាពទាំងពេលយប់ និងពេលថ្ងៃ ព្រមទាំងអាចប្រើប្រាស់ក្នុងការដឹកជញ្ជូនបានច្រើនយ៉ាង ជាមួយការបំពាក់នូវប្រព័ន្ធប្រឆាំងនឹងមីស៊ីលផងដែរ៕