(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ខ្លួនបានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្នរាល់ប្រតិបត្តិការ ហោះហើរទាំងអស់របស់យន្ដហោះចម្បាំង F-35 បន្ទាប់ពីយន្ដហោះចម្បាំង F-35B មួយគ្រឿងបានធ្លាក់កាលពីខែកញ្ញា កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្រសួងការពារជាតិអាមេរិកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិទាំងអស់ បានសម្រេចចិត្តផ្អាកជាបណ្ដោះអាសន្ន នូវរាល់ប្រតិបត្តិការហោះហើររបស់យន្ដហោះចម្បាំងប្រភេទ F-35 ខណៈក្រុមជំនាញកំពុងត្រួតពិនិត្យ ផ្នែកតួប៊ីន-ឥន្ធនៈនៃម៉ាស៊ីនយន្ដហោះ F-35 ទាំងអស់»។ បន្ថែមពីលើនេះសេចក្ដីថ្លែងការណ៍ដដែល ក៏បានឱ្យដឹងដែរថា ការត្រួតពិនិត្យនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់នៅរយៈពេល ២៤ម៉ោង ទៅ ៤៨ម៉ោងខាងមុខ។
គួរបញ្ជាក់ថា ការសម្រេចចិត្តផ្អាកការហោះហើរខាងលើ ធ្វើឡើងបន្ទាប់ពីយន្ដហោះចម្បាំង F-35B មួយគ្រឿងបានធ្លាក់នៅឯរដ្ឋ សោតស៍ ខារ៉ូលីណា (South Carolina) កាលពីខែកញ្ញាកន្លងទៅ។ ប៉ុន្តែមូលហេតជាក់លាក់មិនត្រូវបានគេឱ្យដឹងនោះទេ ខណៈការ ធ្លាក់នេះគឺជាលើកដំបូងបំផុតសម្រាប់ប្រភេទយន្ដហោះចម្បាំង ថ្លៃជាងគេនៅលើពិភពលោក F-35 គឺមួយគ្រឿង ១០០លានដុល្លារអាមេរិកនេះ។ យន្ដហោះចម្បាំង F-35 គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធអាមេរិក Lockheed Martin ហើយវាមានបីប្រភេទទៀតគឺ F-35A, F-35B និង F-35C៕