(សេអ៊ូល)៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ម្យុងបាក់ (Lee Myung-bak) ត្រូវបានមេធាវីរបស់លោកអះអាងថា នឹងប្តឹងឧទ្ធរណ៍សាលក្រមរបស់តុលាការ ដែលកាលពីសប្តាហ៍មុន បានសម្រេចកាត់ទោសឲ្យរូបលោកជាប់ពន្ធនាគារ ១៥ឆ្នាំ ពីបទពុករលួយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១២ ខែតុលា ឆ្នាំ២០១៨។
លោក Lee ត្រូវតុលាការរកឃើញថា ពិតជាមានទោសពីបទទទួលសំណូក និងកេងបន្លំ និងបានជាប់ឈ្មោះជាអតីតមេដឹកនាំចុងក្រោយបំផុតរបស់កូរ៉េខាងត្បូង បន្ទាប់ពីលោកស្រី ផាក គឺហេ ដែលត្រូវជាប់ពន្ធនាគារ ក្រោយពីចាកចេញពីមុខតំណែង។ ក្រៅពីនេះលោក Lee ក៏ត្រូវបានបង្គាប់ឲ្យបក់ប្រាក់ពិន័យចំនួន ១៣ពាន់លានវុន ដែលស្មើនឹង១១.៥លានដុល្លារផងដែរ។
គួរជម្រាបថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ហាក់ដូចជាមានទំនោរទៅរកការជាប់ពន្ធនាគារ ក្រោយពីអំណាចបានធ្លាក់ផុតពីដៃរបស់ ជាពិសេសនោះគឺនៅពេលដែលគូបដិបក្ខផ្នែកនយោបាយ បានឡើងគ្រប់គ្រងវិមាន Blue House (វិមានប្រធានាធិបតី) ដោយបច្ចុប្បន្នអតីតប្រធានាធិបតីកូរ៉េខាងត្បូងចំនួន ០៤រូប សុទ្ធតែបានជាប់ទោសទណ្ឌ។ ក្រៅពីលោក Lee និងលោកស្រី ផាក គឺនហេ, លោក ជន ដូវ៉ាន (Chun Doo-hwan) និង រ៉ូ តែវូ (Roh Tae-woo) ដែលបានដឹកនាំប្រទេសកូរ៉េខាងត្បូង កាលពីទសវត្សរ៍៨០ និង ៩០៕