(ប៉េកាំង)៖ កងកម្លាំងយោធាចិន ម៉ាឡេស៉ី ថៃ នាខែតុលានេះ នឹងរួមគ្នារៀបចំធ្វើសមយុទ្ធនៅឯប្រទេសម៉ាឡេស៉ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីភ្នាក់ងារព័ត៌មានចិន ស៉ិនហួរ នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។
សមយុទ្ធយោធារួមខាងលើមានឈ្មោះថា «សមយុទ្ធរក្សាសន្តិភាពនិងមិត្តភាព (Peace and Friendship 2018) នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែតុលានេះ នៅឯទីក្រុង Port Dickson ក្រុង Port Klang និងនៅលើដែនសមុទ្រនៃប្រទេសម៉ាឡេស៉ី ហើយភាគីចិន នឹងបញ្ជូនកងទ័ពចំនួន៦៩២នាក់ នាវាចម្បាំង០៣គ្រឿង ឧទ្ធម្ភាគចក្រ០២គ្រឿង យន្តហោះដឹកជញ្ជូនខ្នាតធំ IL-76 ពីរគ្រឿង ព្រមទាំងយានយន្ត០៤គ្រឿងទៀត ឲ្យទៅចូលរួម។
គួរជម្រាបថា គោលដៅនៃលំហាត់យោធានេះ ត្រូវបានអះអាងថា ធ្វើឡើងដើម្បីបង្ហាញពីឆន្ទៈរួមរវាងប្រទេសទាំងបី ជុំវិញការថែរក្សាការពារសុខសន្តិភាពក៏ដូចជាស្ថិរភាពនៅក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍និងកិច្ចសហប្រតិបត្តិការ រួមជាមួយការបង្កើនសមត្ថភាពទប់ទល់នឹងការគំរាមកំហែងសន្តិសុខជាច្រើនទម្រង់ ហើយសមយុទ្ធនេះ ពុំមានគោលដៅដើម្បីសំញ៉ែតដាក់ប្រទេសណាផ្សេងឡើយ៕