(ហ្សាការតា)៖ ធនាគារពិភពលោក World Bank នាថ្ងៃអាទិត្យនេះ បានប្រកាសត្រៀមឥណទានទំហំ០១ពាន់លានដុល្លារ សម្រាប់ទុកឲ្យរដ្ឋាភិបាលឥណ្ឌូណេស៉ីខ្ចី ដើម្បីប្រើប្រាស់ក្នុងកិច្ចប្រឹងប្រែងជួយសង្រ្គោះក៏ដូចជាស្ថាបនាឡើងវិញ នៅកោះចំនួនពីរ ដែលបានទទួលរងការវាយប្រហារយ៉ាងដំណំពីគ្រោះរញ្ជួយដីនិងរលកយក្សស៊ូណាមិ កាលពីពេលកន្លងទៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨។
ការប្រកាសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយកប្រតិបត្តិ World Bank លោកស្រី Kristalina Georgieva កាលពីថ្ងៃសុក្រ បានចុះទៅទស្សនកិច្ចនៅទីក្រុង Palu ជាទីដែលបានទទួលរងការវាយប្រហាធ្ងន់រដោយរញ្ជួយដីនិងស៊ូណាមិ កាលពីថ្ងៃទី២៨ ខែកញ្ញា ដោយមនុស្សច្រើនជាង២,០០០នាក់បានបាត់បង់ជីវិត នៅទីនោះ និងនៅតាមតំបន់ជុំវិញ។ ចំណែកនៅឯកោះទេសចរណ៍លុមបុក ដែលស្ថិតនៅភាគកណ្តាលឥណ្ឌូណេស៉ីដូចគ្នាវិញ ក៏មានមនុស្សស្លាប់ជាង៥០០នាក់ នៅហេតុការណ៍រញ្ជួយដីជាបន្តបន្ទាប់ កាលពីខែកក្កដា និងខែសីហា។
គួរជម្រាបថា នាពេលនេះផងដែរ ឥណ្ឌូណេស៉ី កំពុងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ របស់ធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្ដរជាតិ នៅលើកោះបាលី៕