(ប៉េកាំង)៖ តើភាពរីកចម្រើនរបស់ប្រទេសចិន បាននាំមកនូវផលអ្វីខ្លះដល់ពិភពលោក? វាមិនមែនជាសំណួរដែលពិបាកឆ្លើយនោះទេ ផ្ទុយទៅវិញចម្លើយអាចខុសៗគ្នា អាស្រ័យទៅលើបរិបទនៃអ្នកឆ្លើយប៉ុណ្ណោះ។ ជាក់ស្តែងទស្សនៈមួយចំនួននៅសហរដ្ឋអាមេរិក បានលើកឡើងថា ភាពរីកចម្រើនរបស់ប្រទេសចិន ជា «ការរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក» ឬដើម្បី «ពង្រីកភូមិសាស្ត្រនយោបាយ» និង «បំពានច្បាប់អន្ដរជាតិ» ។
ការពិតទៅ ការលើកឡើងបែបនេះមិនមែនជារឿងថ្មីទើបតែកើតឡើងនៅសហរដ្ឋអាមេរិកនោះទេ វាកើតមានឡើងជាយូរមកហើយ ដោយពីមុនការលើកឡើងបែបនេះ គ្រាន់តែជាពាក្យបញ្ឆិតបញ្ឆៀងរបស់មជ្ឈដ្ឋានខ្លះប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាបានក្លាយទៅជាវោហាសាស្ត្រផ្ទាល់នៃរដ្ឋាភិបាលអាមេរិក សម្រាប់លាបពណ៌លើប្រទេស ចិន។ កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចោទប្រកាន់ប្រទេសចិនថា បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះ ភាពរុងរឿងនៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក។
ដោយឡែកកាលពីថ្ងៃទី៤ ខែតុលាកន្លងទៅនេះ អនុប្រធានាធិបតីអាមេរិក លោក ម៉ៃឃ៍ ប៉ែនស៍ (Mike Pence) បានអះអាងថា «ភាពជោគជ័យរបស់ប្រទេស ចិន បានមកពីការវិនិយោគទុនរបស់អាមេរិកក្នុងទឹកដីចិន» «សហរដ្ឋអាមេរិកជាអ្នកស្តារប្រទេសចិន ឡើងវិញ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ»។ ប្រទេស ចិន បានរារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក និងប្រើប្រាស់យុទ្ធសាស្រ្តអយុត្តិធម៌ ដើម្បីធ្វើពាណិជ្ជកម្មដោយសេរី គឺបានកសាងមូលដ្ឋានឧស្សាហកម្មនៅក្នុងទីក្រុងប៉េកាំង ដោយចាយវាយប្រាក់របស់ប្រទេសដទៃ ជាពិសេសគឺសហរដ្ឋអាមេរិកតែម្តង។
អាមេរិកចោទប្រកាន់ថា ទង្វើរបស់ប្រទេសចិន បានបង្កឱ្យមានឱនភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកនឹងទាមទារការខាតបង់ត្រឡប់មកវិញ ដោយឱ្យចិនបំពេញកាតព្វកិច្ចរបស់ខ្លួនតាមអ្វីដែលអាមេរិកត្រូវការ ហើយហេតុផលសំខាន់នៃការចាប់ផ្តើមសង្គ្រាមពាណិជ្ជកម្ម គឺដោយសារឱនភាពពាណិជ្ជកម្មនេះតែម្តង។ ឱនភាពពាណិជ្ជកម្ម ជាមួយប្រទេសចិន គឺជា «ការខាតបង់»។ ប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះអះអាងថា ឱនភាពពាណិជ្ជកម្មរបស់ខ្លួនមានចំនួន ២០០ពាន់លានដុល្លារអាមេរិក។
ប៉ុន្តែសូមយល់ថា គេមិនអាចគណនាការខាតបង់លើវិស័យពាណិជ្ជកម្ម បែបនេះនោះទេ។ ជាទូទៅការធ្វើពាណិជ្ជកម្ម គឺជាការព្រមព្រៀងគ្នាទៅវិញទៅមកដោយភាគីទាំងសងខាង ដើម្បីស្វែងរកផលចំណេញរៀងៗខ្លួន។ វាជាដំណើរការស្ម័គ្រចិត្ត មិនមែនជាការចាប់បង្ខំនោះទេ។ យើងដឹងហើយថា មហាអំណាចសហរដ្ឋអាមេរិក ជាប្រទេសឈ្លាសវៃមួយ ច្បាស់ជាមិនបណ្ដោយឱ្យប្រទេសចិន កេងចំណេញឆៅៗពីខ្លួននោះទេ ហើយភាគីចិន ក៏ច្បាស់ជាមិនលក់ផលិតផលរបស់ខ្លួន ក្នុងទឹកដីអាមេរិក ដោយការបង្ខំដូចគ្នា។
សហរដ្ឋអាមេរិច និងចិន ត្រូវការគ្នាជាខ្លាំងទាំងក្នុងដំណើរទិញ និងលក់។ ស្ថិតិរបស់អង្គការសហប្រជាជាតិបានបង្ហាញថា នៅឆ្នាំ២០១៧ ការនាំចេញរបស់អាមេរិក ទៅកាន់ប្រទេសចិន មានចំនួនជាទឹកប្រាក់ ១២៩,៨៩ពាន់លានដុល្លារ ដោយកើនឡើងចំនួន៥៧៧ភាគរយ។ ប៉ុន្តែក្រោយមកសហរដ្ឋអាមេរិកបែរជាសម្រេចដាក់កម្រិតយ៉ាងតឹងរឹង ចំពោះការនាំចេញទៅកាន់ប្រទេស ចិន។ ផលិតផលមួយចំនួនដែលមានបំពាក់បច្ចេកវិទ្យាទំនើប ត្រូវបានហាមឃាត់មិនឱ្យលក់ទៅកាន់ប្រទេសចិន ឡើយ។
ត្រង់ចំណុចនេះ យើងគួរសួរថា តើឱនភាពពាណិជ្ជកម្ម (ចិននាំចេញទៅអាមេរិកច្រើនជាងអាមេរិក នាំចេញទៅកាន់ប្រទេសចិន) រវាងប្រទេសទាំងពីរ អាចកើតឡើងបានដែរឬទេ ប្រសិនបើអាមេរិកមិនដាក់កម្រិតលើការនាំចេញទៅកាន់ប្រទេស ចិន នោះ? និយាយឱ្យងាយស្តាប់បញ្ហាមិនមែន «ប្រទេសចិនមិនចង់ទិញ» ប៉ុន្តែមកពី «សហរដ្ឋអាមេរិកមិនលក់»។
ជាការពិត អាមេរិកខ្លួនឯងដែលជាអ្នកបង្កើតឱនភាពពាណិជ្ចកម្មដោយខ្លួនឯង។ ឧទាហរណ៍ ប្រសិនបើអាមេរិក សម្រេចលក់នាវាផ្ទុកយន្តហោះប្រភេទ Ford-classs របស់ខ្លួនទៅឲ្យចិន មួយគ្រឿងតម្លៃដល់ទៅ១៥ពាន់លានដុល្លារអាមេរិក ប្រសិនបើអាមេរិក លក់នាវា៤គ្រឿងដល់ចិននោះវាពិតជាអាចបំពេញគម្លាតពាណិជ្ជកម្ម លុបបំបាត់ឱនភាព ៦០ពាន់លានដុល្លារអាមេរិកបានដោយងាយ។ នេះយើងលើកឡើងតែការលក់នាវាប៉ុណ្ណោះ តែកុំភ្លេចថាអាមេរិកមានផលិតផលបច្ចេកវិទ្យាទំនើបៗច្រើនរាប់មិនអស់ដែលចិនត្រូវការ។ ប្រសិនបើសហរដ្ឋអាមេរិក អាចបន្ធូរបន្ថយការរឹតបន្តឹង លើការនាំចេញ ទៅកាន់ប្រទេសចិនតែបន្តិចបន្តួច នោះឱនភាពពាណិជ្ជកម្ម មិនអាចកើតមានដូចសព្វថ្ងៃនេះនោះទេ។
យោងតាមរបាយការណ៍របស់ Carnegie Endowment for Peace International កាលពីខែមេសាឆ្នាំ២០១៧កន្លងទៅនេះ បានគូសបញ្ជាក់ថា ប្រសិនបើអាមេរិក បន្ធូរបន្ថយការនាំចេញទៅកាន់ប្រទេសចិន ស្មើនឹងប្រទេសប្រេហ្ស៊ីលនោះឱនភាពពាណិជ្ជកម្មអាចនឹងត្រូវកាត់បន្ថយចំនួន២៤% ហើយប្រសិនបើការបន្ធូរបន្ថយស្មើនឹងប្រទេសបារាំង នោះឱនភាពអាចកាត់បន្ថយបាន៣៥% ។
ក្រៅពីការលក់ផលិតផលបច្ចេកវិទ្យា នៅមានការលក់ផ្នែកសេវាកម្មផងដែរ។ ទិន្នន័យផ្ទាល់របស់សហរដ្ឋអាមេរិក ចង្អុលបង្ហាញថា ការលក់សេវាកម្មរបស់ប្រទេសអ្នកមានមួយនេះ ទៅកាន់ប្រទេសចិន បានកើនឡើងចំនួន ៣.៤ដង ដោយកើនពី១៣,១៤ពាន់លានដុល្លារក្នុងឆ្នាំ២០០៧ ដល់៥៧,៦៣ ពាន់លានដុល្លារក្នុងឆ្នាំ២០១៧ ។ សរុបទៅ សហរដ្ឋអាមេរិកទទួលបានប្រាក់ចំណូល៤០,២ពាន់លានដុល្លារនៅក្នុងការលក់សេវាកម្មដល់ប្រទេសចិន។
ម្យ៉ាងវិញទៀត អស់រយៈពេលជាច្រើនទសវត្សមកហើយ សង្វាក់ផលិតកម្មជាច្រើនដែលធ្លាប់មានសកម្មភាពនៅសហរដ្ឋអាមេរិក ដូចជារោងចក្រកែច្នៃ និងការដំឡើងជាដើមត្រូវបានកាត់បន្ថយ ដោយផ្ទេរតួនាទីនេះទៅកាន់ប្រទេសផ្សេងៗទៀត។ សហរដ្ឋអាមេរិកបានរក្សាទុកនូវសេវាកម្មរចនា និងទីផ្សារ ខណៈដែលប្រទេសចិនបានក្លាយទទួលយកផលិតផលពាក់កណ្ដាលសម្រេច មកផលិត ឬដំឡើងបន្ត និងចែកចាយទៅកាន់សហរដ្ឋអាមេរិក និងបណ្តាប្រទេសដទៃទៀត។ ហើយទីបំផុត ប្រទេស ចិន មានឈ្មោះថាជាអ្នកនាំចេញ។ ធម្មតាគ្រប់ភាគីទាំងអស់នៅក្នុងខ្សែសង្វាក់ផលិតកម្ម នៃផលិតផលបែបសហគ្រាសពហុជាតិត្រូវទទួលបាន ចំណែកនៃភាគលាភគ្រប់គ្នា មិនមែនមានតែប្រទេសចិន ដែលជាអ្នកផលិតចុងក្រោយ និងនាំចេញនោះទេ។
យោងតាមសារព័ត៌មានចិន បានឱ្យដឹងថា ប្រទេស ចិន បានរួមចំណែកក្នុងកំណើនសេដ្ឋកិច្ចពិភពលោកចាប់តាំងពីឆ្នាំ២០១៣មក និងបន្តជាប់ចំណាត់ថ្នាក់ អ្នកដើរតួនាទីដ៏សំខាន់មួយ។ ប្រទេសចិន ក៏បានរួមចំណែកបង្កើតទីផ្សារធំសម្រាប់ពិភពលោកផងដែរ។ ដោយយោងតាមហេតុផលខាងលើ តើប្រទេស ចិន ជាអ្នករារាំងដល់កំណើនសេដ្ឋកិច្ចពិភពលោក ឬជាក្បាលម៉ាស៊ីនជំរុញការអភិវឌ្ឍ?
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា