(ប៉េកាំង)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងជួបគ្នានៅអំឡុង ពេលចូលរួមកិច្ចប្រជុំកំពូល G20 នៅខែក្រោយនេះ ខណៈមហាយក្សសេដ្ឋកិច្ចទាំងពីរ កំពុងមានទំនាក់ទំនងមិនល្អនឹងគ្នា ដោយសារតែសង្រ្គាមពាណិជ្ជកម្ម។ នេះបើតាមមន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
លោក Larry Kudlow ជាទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក ដូណាល់ ត្រាំ បានបញ្ជាក់ប្រាប់សារព័ត៌មាន Fox News កាលពីថ្ងៃអាទិត្យ (ម៉ោងនៅអាមេរិក) ដូច្នេះថា៖«ប្រធានាធិបតីទាំងពីរអាចនឹងជួបគ្នាឱកាសចូលរួមក្នុងកិច្ចប្រជុំកំពូល G20 នៅឯទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន នៅខែវិច្ឆិកាខាងមុខនេះ»។ ប៉ុន្តែទន្ទឹមគ្នា លោកក៏បានទទួលស្គាល់ដែរ ថាកិច្ចចរចាដោះស្រាយពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិក ហាក់ដូចជាមិនមានភាពរីកចំរើនទាល់តែសោះ ខណៈ ប្រទេសទាំងពីរ នៅតែបន្តគំរាម និងដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ដែលកំពុងបង្ករជាការព្រួយបារម្ភថាជម្លោះនេះអាច នឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
សូមជម្រាបថា បច្ចុប្បន្ន ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកកំពុងស្គាល់ភាពតានតឹងខ្លាំង ក្រោយលោក ដូណាល់ ត្រាំ ប្រកាសដំឡើងពន្ធលើមុខទំនិញនាំចូលពីចិនជាបន្តបន្ទាប់ នៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងមើលមុខគ្នាមិនចំស្រាប់ ជុំវិញជម្លោះនៅឯតំបន់សមុទ្រចិនខាងត្បូង៕