(តូក្យូ)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានបដិសេធផ្ដល់បញ្ជីទីតាំងរោងចក្រនុយក្លេអ៊ែររបស់កូរ៉េខាងជើងដល់ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រហូតដល់មានការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) ជាមុនសិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន យ៉ូមីយូរិ ស៊ីមប៊ុន (Yomiuri Shimbun) នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
យោងតាម Yomiuri Shimbun នៅពេលត្រូវបានស្នើឱ្យផ្ដល់បញ្ជីរោងចក្រនុយក្លេអ៊ែរកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា បើគ្មានការជឿទុកចិត្តគ្នាទៅវិញទៅមក នៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងទេនោះទោះបីជាទីក្រុងវ៉ាស៊ីនតោនទទួលបានបញ្ជីទាំងនេះ ក៏សហរដ្ឋអាមេរិកនៅតែមិនជឿដដែល... ដូច្នេះការចុះសន្ធិសញ្ញាបញ្ចប់សង្រ្គាមកូរ៉េ (ឆ្នាំ១៩៥០-១៩៥៣) ត្រូវតែធ្វើឡើងជាមុនសិន។
គួរជម្រាបថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ បានបំពេញដំណើរទស្សនិច្ចរយៈពេលបីថ្ងៃទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីដើមខែតុលាកន្លងទៅ ក្នុងគោលបំណងពន្លឿកិច្ចការរំសាយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ក៏ដូចជាពិភាក្សាពីការរៀបចំកិច្ចប្រជុំកំពូលជាលើកទី ២ រវាងលោក ត្រាំ និងលោក គីម បន្ទាប់ពីអ្នកទាំងពីរបានជួបគ្នាម្ដងរួចមកហើយ ក្នុងប្រទេសសិង្ហបុរីកាលពីខែមិថុនាកន្លងទៅ៕