(រីយ៉ាដ)៖ អារ៉ាប៊ីសាអូឌីតបានព្រមានថា ខ្លួននឹងចាត់វិធានការសងសឹកទៅនឹងរាល់ការដាក់ទណ្ឌកម្មទាំងអស់ ជុំវិញការបាត់ខ្លួនរបស់អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតលោក ចាម៉ាល់ ខានហូកជី (Jamal Khashoggi) ហើយដែលការព្រមានបែបនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គំរាមដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរលើទីក្រុងរីយ៉ាដ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Reuters នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក ដូណាល់ ត្រាំបានព្រមានអារ៉ាប៊ីសាអូឌីត ដែលជាម៉ូយដុំទិញអាវុធដ៏ធំមួយរបស់សហរដ្ឋអាមេរិកថា នឹងទទួលរងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរពីសំណាក់ទីក្រុងវ៉ាស៊ីនតោន បើសិនជាទីក្រុងរីយ៉ាដពិតជាបានសម្លាប់ លោក Khashoggi នៅក្នុងសា្ថនកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីមែននោះ។ តែទោះយ៉ាងនេះក្ដី ថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ SPA កាលពីថ្ងៃអាទិត្យ មន្ត្រីអារ៉ាប៊ីសាអូឌីតម្នាក់បានព្រមានថា ទីក្រុងរីយ៉ាដនឹងចាត់វិធានការឆ្លើយតប ទៅនឹងរាល់ការដាក់ទណ្ឌកម្មទាំងឡាយ ដើម្បីការពារផលប្រយោជន៍ជាតិ។
មន្ត្រីខាងលើនេះដដែលបានគូសបញ្ជាក់ ក្នុងលក្ខខណ្ឌមិនបញេ្ចញឈ្មោះយ៉ាងដូច្នេះថា «អារ៉ាប៊ីសាអូឌីតប្រឆាំងជាដាច់ខាត ចំពោះការដាក់ទណ្ឌកម្ម ឬសម្ពាធនយោបាយទាំងឡាយណាដែលមានបំណង ឬព្យាយាមបំផ្លាញផលប្រយោជន៍អារ៉ាប៊ីសាអូឌីត... ដូច្នេះទីក្រុងរីយ៉ាដនឹងចាត់វិធានការឆ្លើយតប ទៅនឹងរាល់ការដាក់ទណ្ឌកម្មទាំងអស់»។
គួរបញ្ជាក់ថា បើតាមមន្ត្រីលើ អារ៉ាប៊ីសាអូឌីតបានត្រៀមវិធានការច្រើនជាង ៣០ ដើម្បីទប់ទល់នឹងការដាក់ទណ្ឌកម្មពីបរទេស ហើយក្នុងចំណោមវិធានការទាំងនេះរួមមានការលក់ប្រេង និងគំរោងទិញអាវុធ ព័ត៌មានចែករំលែកព័ត៌មានរវាង អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ឬក៏ការផ្សះផ្សាទំនាក់ទំនងជាមួយអ៊ីរ៉ង់ជាដើម។
លោក Jamal Khashoggi ជាអ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីត និងជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្សអារ៉ាប៊ីសាអូឌីត បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួលយកឯកសារសម្រាប់គំរោង រៀបអាពាហ៍ពិពាហ៍របស់លោក ជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះនាង ហាធីស សិនជីស (Hatice Cengiz)។ ប៉ុន្តែលោកមិនត្រូវបានគេឃើញចេញមកខាងក្រៅវិញនោះទេ ខណៈមានសេចក្ដីរាយការណ៍ជាច្រើនថា លោកត្រូវបានទីភ្នាក់ងារស៊ើបការណ៍សំងាត់អារ៉ាប៊ីសាអូឌីតសម្លាប់ បើទោះជាទីក្រុងរីយ៉ាដ បដិសេធ៏ដោយ៕