(វ៉ាស៉ីនតោន)៖ ឯកសារសម្ងាត់មួយបានបង្ហើបឲ្យដឹងថា កងអង្គរក្សរបស់ប្រធានាធិបតីអាមេរិក បានវែករកឃើញផែនការខ្មៅងងឹតមួយ ក្នុងការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ កាលពីអំឡុងដំណើរទស្សនកិច្ចនៅឯប្រទេសហ្វីលីពីន កាលពីឆ្នាំ២០១៧។ នេះបើតាមវីដេអូឯកសាររបស់ National Geographic ដកស្រង់ខ្លឹមសារដោយសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
អង្គភាព Secret Service ដែលជាកងអង្គរក្សទទួលបន្ទុកការពារសន្តិសុខ របស់ប្រធានាធិបតីអាមេរិក បានរកឃើញគម្រោងធ្វើឃាតមួយលើលោក ដូណាល់ ត្រាំ កាលពីអំឡុងដំណើរទស្សនកិច្ចកាលពីឆ្នាំ២០១៧ នៅទីក្រុងម៉ានីល នៃប្រទេសហ្វីលីពីន ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។
យោងតាមវីដេអូឯកសារខាងលើ នាប៉ុន្មានថ្ងៃមុនកិច្ចប្រជុំកំពូលអាស៊ាន រដ្ឋាភិបាលទីក្រុងម៉ានីល បានបង្កើនកម្រិតនៃការគម្រាមកំហែងដល់កម្រិតខ្ពស់បំផុត ដោយសារតែការគម្រាមកំហែងពីសំណាក់ក្រុមភេរវករ ISIS នៅក្នុងតំបន់ ដែលបានអំពាវនាវឲ្យបណ្តាញរបស់ពួកគេ នៅពួនសំងំរង់ចាំវាយឆ្មក់ទៅលើលោក ដូណាល់ ត្រាំ នៅពេលដែលរូបលោកទៅទស្សនកិច្ចនៅហ្វីលីពីន។
គ្រានោះ ខណៈលោក ត្រាំ ដែលមានឈ្មោះប្រើដោយកងអង្គរក្សថា «Mogul» បានគ្រោងនឹងចាកចេញទៅកាន់ទីក្រុងម៉ានីល ក្រុម Secret Service បានប្រើប្រព័ន្ធ Software ដ៏ទំនើបមួយ ដើម្បីធ្វើការស្គែននៅលើបណ្តាញសង្គមនានា ក្នុងគោលបំណងរុករកមើលតំរុយស្តីពីការប៉ុនប៉ងវាយប្រហារ ហើយពួកគេក៏បានរកឃើញតំរុយមួយ ក្នុងទម្រង់ជាសារបង្ហោះនៅលើប្រព័ន្ធ Twitter ដែលមានភ្ជាប់នូវរូបភាពជនឈ្មោះ លី ហាវេយ អូសវ៉ាលដ៍ (Lee Harvey Oswald) ដែលជាឃាតកធ្វើឃាតអតីតប្រធានាធិបតីអាមេរិក ចន ខេនណឺឌី (John F. Kennedy)។
បន្ទាប់ពីនោះ កងអង្គរក្សបានតាមមើលដល់គណនី Instagram របស់ជនសង្ស័យថែមទៀត ហើយរកឃើញរូបភាពនៃសៀវភៅមួយក្បាលមានចំណងជើងថា How to Kill: The Definitive History of the Assassin។ ដោយសម្រេចថា តំរុយពីរនេះគឺគ្រប់គ្រាន់សម្រាប់កំណត់ការគម្រាមកំហែង ក្រុម Secret Service បានស្វែងរកទីតាំងកុំព្យូទ័ររបស់ជននោះ ហើយរកឃើញមានប្រភពចេញមកពីក្រុងម៉ានីល ដែលស្ថិតនៅចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីសណ្ឋាគារដែលលោក ត្រាំ ត្រូវគ្រោងនឹងស្នាក់នៅ។
បើតាមការបញ្ជាក់ពីវីដេអូឯកសារប្រមាណជា ២០នាទី មុនយន្តហោះ Air Force One បានចុះចតនៅម៉ានីល ក្រុម Secret Service មិនបានដឹងច្បាស់ពីទីតាំងឲ្យចំតែម្តងរបស់ជនសង្ស័យឡើយ។ ប៉ុន្តែក្រោយពីលោក ត្រាំ បានមកដល់ទឹកដីហ្វីលីពីនភ្លាម ក្រុមភ្នាក់ងារ Secret Service បានតាមស្វែងរកជនសង្ស័យដល់សួនច្បារ លូណេតា (Luneta) ដែលនៅចម្ងាយជាង ១គីឡូម៉ែត្រ ពីទីសណ្ឋាគារដែលលោក ត្រាំ នឹងត្រូវស្នាក់នៅ។ ទីបំផុតក្រោមការសហការជាមួយប៉ូលិសហ្វីលីពីន កងអង្គរក្សលោក ត្រាំ ក៏បានឆែកឆេរសួនច្បារនោះ ហើយឃាត់ខ្លួនជនសង្ស័យបានសម្រេច។
គួរជម្រាបថា ទាក់ទិននឹងកត្តានៅពីក្រោយភាពជោគជ័យនៃប្រតិបត្តិការខាងលើនេះ ក្រុម Secret Service បានលើកឡើងថា មួយចំណែកធំគឺដោយសារតែភាពជឿនលឿន នៃប្រព័ន្ធបច្ចេកវិទ្យាសព្វថ្ងៃនេះ៕