(សេអ៊ូល)៖ ទីបំផុតកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងនឹងធ្វើការតភ្ជាប់បណ្តាញផ្លូវថ្នល់ក៏ដូចជាផ្លូវដែកឡើងវិញ ហើយនេះគឺជាការបោះជំហានទៅមុខថ្មីមួយទៀតនេះ នៅក្នុងភាពប្រសើរឡើង នៃទំនាក់ទំនងរវាងបងប្អូនទាំងពីរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
ការព្រមព្រៀងគ្នាត្រូវសម្រេចបាន នាអំឡុងកិច្ចពិភាក្សាពីសំណាក់មន្រ្តីជាន់ខ្ពស់មកពីភាគីទាំងពីរ នៅឯភូមិព្រំដែន Panmunjom ក្រោមគោលដៅគោរពតាមសេចក្តីថ្លែងការណ៍រួម ក្នុងកិច្ចប្រជុំកំពូលលើកទីបីសម្រាប់ឆ្នាំ២០១៨នេះ រវាងប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៉ីន និងប្រមុខដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
គួរជម្រាបថា កូរ៉េទាំងពីរបានឯកភាពគ្នារៀបចំពិធីមួយចំនួន នៅចុងខែវិច្ឆិកា ឬអាចនៅដើមខែធ្នូ ដើម្បីចាប់ផ្តើមដំណើរការតភ្ជាប់បណ្តាផ្លូវថ្នល់ និងផ្លូវដែក ដែលត្រូវបានកាត់ផ្តាច់ចោល ចាប់តាំងពីសម័យសង្រ្គាមកូរ៉េឆ្នាំ១៩៥០-១៩៥៣។ នាចុងខែនេះ ភាគីទាំងពីរក៏បានព្រមព្រៀងជួបពិភាក្សាគ្នាម្តងទៀត អំពីគម្រោងដើម្បីដេញថ្លៃសុំធ្វើជាម្ចាស់ផ្ទះរួម នៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០៣២ ផងដែរ៕