(បាងកក)៖ មានការបញ្ចេញមតិព្រោងព្រាតនៅលើគណនី Facebook របស់លោក ប្រាយុទ្ធ ចាន់អូចា បន្ទាប់ពីនាយករដ្ឋមន្រ្តីថៃរូបនេះ បានចាប់ផ្តើមផ្តោតការយកចិត្តទុកដាក់ទៅលើបណ្តាញទំនាក់ទំនងសង្គម ដោយក្នុងនោះក៏មានទាំងការបង្កើតគណនីលើបណ្តាញ Twitter, Instagram, និងវែបសាយផងដែរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ នាល្ងាចថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨។
យោងតាមសារនៅលើគណនី Facebook របស់លោក ប្រាយុទ្ធ គឺរូបលោក ចង់បង្កើតគណនីផ្លូវការផ្ទាល់ខ្លួន ដើម្បីធ្វើជាមធ្យោបាយមួយផ្សេងទៀត សម្រាប់ឲ្យលោកជូនដំណឹងពីគោលនយោបាយ និងកិច្ចការរបស់រូបលោកផ្ទាល់ ក៏ដូចជារបស់រដ្ឋាភិបាល ហើយដោយសារតែឃើញមនុស្សភាគច្រើនប្រើប្រាស់បណ្តាញ Facebook ដើម្បីទំនាក់ទំនង ដូច្នេះហើយលោកក៏បានសម្រេចសាកប្រើវាដូចគ្នាដែរ។ ក្រៅពី Facebook លោក ប្រាយុទ្ធ ក៏មានគណនីផ្លូវការលើ Instagram, Twitter, និងវែបសាយ www.prayuthchan-o-cha.com ផងដែរ។
គួរជម្រាបថា ការបង្កើតវត្តមាននៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោក ប្រយុទ្ធ ចាន់អូចា ត្រូវបានធ្វើឡើង បន្ទាប់ក្រុមប្រឹក្សាជាតិសណ្តាប់ធ្នាប់និងសន្តិភាព បានបន្ធូរបន្ថយការហាមប្រាមលើសកម្មភាពនយោបាយ សម្រាប់គណបក្សនយោបាយនានា ប៉ុន្តែនៅតែមានការហាមឃាត់ចំពោះការប្រើប្រាស់បណ្តាញសង្គម សម្រាប់ការឃោសនាផ្នែកនយោបាយ។ ដោយឡែក ការបោះឆ្នោតសកលនៅឯប្រទេស ត្រូវបានរដ្ឋាភិបាលយោធា សន្យាថានឹងប្រព្រឹត្តទៅយ៉ាងយូរនាខែឧសភា ឆ្នាំក្រោយ៕