(ប៉ារីស)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានសង្កត់ធ្ងន់ថាទណ្ឌកម្មអន្តរជាតិប្រឆំាងនឹងកូរ៉េខាងជើង គួរតែត្រូវបាន បន្ធូរបន្ថយ នៅក្នុងករណីដែលទីក្រុងព្យុងយ៉ាងចាប់ផ្ដើមអនុវត្តការរំសាយអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
ការអំពាវនាវខាងលើរបស់លោក មូន ជែអ៊ីន ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទសប្ដាហ៍នេះ ក្នុងទីក្រុងប៉ារីស ជាទីដែលលោក មូន បានជម្រុញឱ្យបារាំងដែលជាសមាជិកអចិន្ត្រៃយ៍អង្គការសហប្រជាជាតិ ជួយបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង បើសិនជាលក្ខខណ្ឌនៃការរំសាយអាវុធនុយក្លេអ៊ែរត្រូវបានអនុវត្ត។
បន្ថែមពីលើនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាក្រោយជំនួបទ្វេភាគី លោក ម៉ាក្រុង បានកត់សម្គាល់ថាការដាក់ទណ្ឌកម្មប្រឆាំងនឹង កូរ៉េខាងជើង គួរតែត្រូវអនុវត្តរហូតដល់ទីក្រុងព្យុងយ៉ាងរំសាយចោលអាវុធនុយក្លេអ៊ែរទាំងស្រុង។ ប៉ុន្តែ ប្រធានាធិបតីបារាំងរូបនេះ បានអះអាងថា បារាំងនឹងគាំទ្រដល់និតិវិធីរំសាយអាវុធនុយក្លេអ៊ែរ បើសិនជាកូរ៉េខាងជើងពិតជាកំពុងដើរលើផ្លូវត្រឹមត្រូវមែននោះ។ ចំណែកឯ លោក មូន ជែអ៊ីន ក៏បានយល់ស្របនឹងការបន្តរក្សាដាក់ទណ្ឌកម្មនេះដែរ ក៏ប៉ុន្តែលោកថាការដាក់សម្ពាធ និងទណ្ឌកម្មគួរតែ ត្រូវបានបន្ធូរបន្ថយដើម្បីលើកទឹកចិត្តកូរ៉េខាងជើង។ «ខ្ញុំជឿជាក់ថាសហគមន៍អន្តរជាតិ គួរតែផ្ដល់ការធានាឱ្យកូរ៉េខាងជើងថាកំពុងដើរ លើផ្លូវត្រឹមត្រូវ និងលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងបង្កើនល្បឿននៃនិតិវិធីរំសាយអាវុធនុយក្លេអ៊ែរ តាមរយៈការបន្ធូរបន្ថយការដាក់
ទណ្ឌកម្ម»។ នេះគឺជាការគូសបញ្ជាក់របស់លោក មូន ជែអ៊ីន។
គួរបញ្ជាក់ថា បើទោះជាបច្ចុប្បន្ន ស្ថានភាពនៅលើឧបទ្វីបកូរ៉េមានភាពធូរស្រាលក៏ពិតមែន ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តរក្សាការដាក់ ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើងជាអតិបរាម៉ាដដែល ដោយអះអាងថាទីក្រុងព្យុងយ៉ាង មិនបានចាត់វិធានការជាក់លាក់ណាមួយក្នុងការ រំសាយអាវុធនុយក្លេអ៊ែរ។ មិនតែប៉ុណ្ណោះ នាពេលថ្មីៗនេះ ក៏មានសេចក្ដីរាយការណ៍ដែរថាកូរ៉េខាងជើងបានបដិសេធផ្ដល់បញ្ជីទីតាំង រោងចក្រនុយក្លេអ៊ែរឱ្យរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ទៀតផង នាឱកាសដែលលោកបំពេញទស្សនកិច្ចទៅកាន់ ទីក្រុងព្យុងយ៉ាង កាលពីសប្ដាហ៍មុន៕