(ស៊ីដនី)៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្តុត ម៉ារីសុន (Scott Morrison) ដែលទើបឡើងកាន់តំណែងថ្មីៗដែរនោះបាននិយាយថា អូស្ត្រាលីនឹងពិចារណាទទួលស្គាល់ ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយនឹងផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងដ៏ចំណាស់មួយនេះ តាមពីក្រោយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
លោក Scott Morrison លើកឡើងបែបនេះប្រាប់អ្នកសារព័ត៌មាន ដោយនាយករដ្ឋមន្ត្រីអូសា្តលីរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា « អូស្ត្រាលីនឹងពិចារណាទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ហើយនឹងផ្លាស់ប្ដូរស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងដ៏ចំណាស់មួយនេះ»។ ក៏ប៉ុន្តែព្រមពេលជាមួយគ្នា លោក Morrison នៅតែអះអាងដដែលថា អូស្ត្រាលីគាំទ្រដំណោះស្រាយរដ្ឋពីរ ក្នុងការបញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទី ហើយថាលោកនឹងពិគ្រោះយោបល់ជាមួយ គណៈរដ្ឋមន្ត្រីរបស់លោក និងប្រជាជាតិដទៃទៀត មុននឹងធ្វើការសម្រេចណាមួយ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានទទួលរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់សហគមន៍អន្តរជាតិកាលពីឆ្នាំមុន បន្ទាប់ពីលោកបានទទួលស្គាល់ទីក្រុងហ្សេរុយសាឡឹមជារដ្ឋធានីរបស់អ៊ីស្រាអែល ព្រមទាំងបានផ្លាស់ប្ដូរស្ថានទូតអាមេរិកប្រចាំទីក្រុងតែលអាវីវ ទៅកាន់ទីក្រុងហ្សេរុយសាឡឹម កាលពីខែឧសភាកន្លងទៅ។ លើសពីនេះទៅទៀត ការសម្រេចចិត្តនេះបានបង្កជាជម្លោះយ៉ាងខ្លាំងរហូតមកទល់ពេលនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល៕