(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃអង្គារសប្ដាហ៍នេះ បញ្ជូនយន្ដហោះទម្លាក់គ្រាប់បែក B-52 ចំនួន ០២គ្រឿង ទៅហោះឆ្វែលនៅក្បែរទីប្រជុំកោះជម្លោះនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមកងកម្លាំងអាមេរិកប្រចាំតំបន់ ប៉ាស៊ីហ្វិក ដកស្រង់ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់ CNN កងកម្លាំងអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានបញ្ជាក់យ៉ាងដូច្នេះថា «យន្ដហោះទម្លាក់គ្រាប់បែក B-52H ០២គ្រឿងមកពីកោះ ហ្គាំ (Guam) បានធ្វើប្រតិបត្តិការហោះហើរជាទម្លាប់នៅតំបន់សមុទ្រចិនខាងត្បូង ហើយការហោះហើរ នេះគឺជាផ្នែកមួយនៃប្រតិបត្តិការបន្តវត្តមាន យន្ដហោះទម្លាក់គ្រាប់បែករបស់ទីបញ្ជាការយោធាឥណ្ឌូ-ប៉ាស៊ីហ្វិករបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្ដើមតាំងតែពីខែមីនា ឆ្នាំ២០០៤មក»។
ក៏ប៉ុន្តែព្រមពេលជាមួយគ្នា មន្ទីរបញ្ចកោណមិនបានអះអាងថា យន្ដហោះទម្លាក់គ្រាប់បែក B-52 ០២គ្រឿងខាងលើ ហោះនៅក្បែរកោះណាមួយនៃតំបន់សមុទ្រចិនខាងត្បូងនោះទេ ខណៈភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងកើនឡើងនៅឯទីប្រជុំកោះ ស្ព្រាតលី (Spratly)។
ក៏ប៉ុន្តែ អ្វីដែលអាចនិយាយបាននោះ គឺការដឹកនាំប្រតិបត្តិការហោះហើរនេះ ធ្វើឡើងនៅក្នុងបរិបទដែលរដ្ឋមន្រ្តីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បំពេញទស្សនកិច្ចមកកាន់ប្រទេសវៀតណាម ដែលជាភាគីជម្លោះមួយរបស់ចិន ក្នុងការទាមទារសិទ្ធិគ្រប់គ្រង លើតំបន់សមុទ្រចិនខាងត្បូង។
គួរជម្រាបថា នេះមិនមែនជាលើកទី១ឡើយ ហើយវាក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក ធ្វើប្រតិបត្តិការហោះហើរនៅឯតំបន់ជម្លោះសមុទ្រចិនខាងត្បូង ជាទីដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន និងតែងតែចាត់ទុកថា សកម្មភាពយោធារបស់អាមេរិកនៅក្នុងតំបន់ជម្លោះនេះ គឺជាសកម្មភាពបង្ករឿង និងបង្កភាពតានតឹងនៅក្នុងតំបន់៕