(វ៉ាទីកង់)៖ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានទៅដល់បុរីវ៉ាទីកង់ និងប្រគេនលិខិតអញ្ជើញរបស់លោក គីម ជុងអ៊ុន ជូនដល់សម្តេច ប៉ាប ហ្វ្រង់ស៊ីស (Pope Francis) រួចហើយ ដើម្បីអញ្ជើញសម្តេចទៅបំពេញទស្សនកិច្ចទីក្រុងព្យុងយ៉ាង ទៅតាមពេលវេលាណាមួយដែលសមគួរ។ នេះបើតាមការចេញផ្សាយដោយ យ៉ុនហាប់ នាយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក្រោយទទួលបានលិខិតតាមរយៈប្រធានាធិបតីកូរ៉េខាងត្បូងនោះសម្តេច ប៉ាប បានថ្លែងបញ្ជាក់ទៅវិញថា «ខ្ញុំនឹងឆ្លើយតបដោយគ្មានលក្ខខណ្ឌអ្វីឡើយប្រសិនបើខ្ញុំទទួលបានលិខិតអញ្ជើញជាផ្លូវការ ហើយខ្ញុំពិតជាអាចទៅបាន (ទស្សនកិច្ចកូរ៉េខាងជើង)»។
ជុំវិញបន្ទូលរបស់សម្តេចខាងលើនេះ លោក មូន ជែអ៊ីន បានសាកសួរតបទៅវិញថា «តើខ្ញុំអាចជម្រាបមេដឹកនាំកូរ៉េខាងជើង ឲ្យបញ្ចូនប្រសិតដោយផ្ទាល់មកអញ្ជើញសម្តេច ប៉ាប បានដែរឬទេ?» ជុំវិញសំនួរនេះសម្តេច ប៉ុប បានសង្កត់ធ្ងន់ថា «លិខិតអញ្ជើញតាមរយៈលោក មូន ពេលនេះគឺគ្រប់គ្រាន់ហើយ ប៉ុន្តែប្រសិនបើមានការអញ្ជើញជាផ្លូវការពីសំណាក់កូរ៉េខាងជើងតែម្តងនោះ ក៏កាន់តែប្រសើរដែរ»។
គួរបញ្ជាក់ថា កាលពីដើមខែតុលា ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទទួលស្គាល់ពីការអញ្ជើញសម្តេច ប៉ាប ហ្វ្រង់ស៊ី (Pope Francis) នៃសាសនាគ្រិស្តមកបំពេញទស្សនកិច្ចជាផ្លូវការ នៅទីក្រុងព្យុងយ៉ាងជាលើកដំបូងបំផុត ហើយលិខិតអញ្ជើញនេះបានផ្ញើទុកនៅប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន ដើម្បីលោកអាចជូនដោយផ្ទាល់ដៃទៅដល់សម្តេច Pope៕