(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា លោកនឹងដាក់ពង្រាយកងទ័ព ហើយបិទច្រកព្រំដែនជាមួយម៉ិចស៉ីកូ ដោយសារតែបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៨ ខែតុលា ឆ្នាំ២០១៨។
សាររបស់លោក ត្រាំ បានលើកឡើងដូច្នេះថា «ខ្ញុំត្រូវតែស្នើដោយជំហររឹងមាំឲ្យម៉ិចស៉ីកូទប់ស្កាត់លំហូរចូលយ៉ាងភ្លូកទឹកភ្លូកដីនៃជនអន្តោប្រវេស៍ខុសច្បាប់នៅព្រំដែនអាមេរិក-ម៉ិចស៉ីកូ ហើយប្រសិនបើម៉ិចស៉ីកូ នៅតែពុំអាចធ្វើបានទេនោះ ខ្ញុំនឹងសម្រេចបញ្ជូនកម្លាំងយោធាឲ្យទៅបិទព្រំដែនភាគខាងត្បូងរបស់សហរដ្ឋអាមេរិកជាក់ជាមិនខាន»។
គួរជម្រាបថា នាពេលកន្លងទៅនេះ លោក ដូណាល់ ត្រាំ ក៏ធ្លាប់បានព្រមានធ្វើឲ្យរដ្ឋាភិបាលជាប់គាំងផងដែរ ប្រសិនបើសភាមិនយល់ព្រមគាំទ្រដល់ការទាមទាររបស់រដ្ឋាភិបាលោក ជុំវិញការពង្រឹងសន្តិសុខតាមព្រំដែន និងការសាងសង់ជញ្ជាំងនៅព្រំដែនរវាងអាមេរិកនិងម៉ិចស៉ីកូទេនោះ៕