(ម៉ុលដូវ៉ា)៖ លោកស្រី ម៉ៃអា សេនឌូ (Maia Sandu) ដែលជាមេដឹកនាំនៃគណបក្ស Action and Solidarity បានបកអាក្រាតនូវការចរចា ដែលលោកស្រីអះអាងថា គួរស្អប់ខ្ពើមរបស់ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ (Tayyip Erdogan) តាមរយៈការប្រើបាស់អំណាចស្នើឲ្យបញ្ជូនភ្នាក់ងារអប់រំជនជាតិតួកគីចំនួន ០៧នាក់ ត្រឡប់មកវិញជាថ្នូរនិងការធ្វើទស្សនកិច្ចមកកាន់ប្រទេសម៉ុលដូវ៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ រ៉ុមហាប៊ឺ (Romhaber) នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែតុលា ឆ្នាំ២០១៨។
នាថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ បានថ្លែងថា ប្រសិនបើរដ្ឋាភិបាលម៉ុលដូវ៉ា (Moldova) បណ្តេញភា្នក់ងារផ្នែកអប់រំជនជាតិតួកគីទាំង ០៧នាក់ចេញពីប្រទេស ហើយប្រគល់ទៅឲ្យរដ្ឋាភិបាលតួកគីវិញនោះ លោកនឹងយល់ព្រមធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសអឺរ៉ុបនេះ។
លោកស្រី Sandu បានបកស្រាយជាសាធារណៈ នៅក្នុងប៉ុស្តិ៍ទូរទស្សន៍ Moldova Journal TV ដោយបញ្ជាក់យ៉ាងច្បាស់ថា «ការចរចារយ៉ាងកខ្វក់នេះ បានស្តែងឲ្យឃើញថា ប្រសិនបើយើងមិនព្រមប្រគល់ខ្លួនភា្នក់ងារអប់រំទាំងនោះទេ លោកនឹងមិនធ្វើដំណើរទស្សនកិច្ចមកប្រទេសយើងនោះឡើយ»។
លោកស្រីបន្តទៀតថា ការធ្វើដំណើរទស្សនកិច្ចនេះ គឺត្រូវលោកប្រធានាធិបតីតួកគីយល់ឃើញថា ប្រទេសម៉ុលដូវ៉ា គឺជាប្រទេសដែលមិនសូវមានទំនាក់ទំនងជាមួយនឹងសហភាពអឺរ៉ុប ហើយចង់ទទួលបានផលចំនេញផងដែរ។ ដោយឡែកលោកស្រីមិនចង់មានសម្ព័ន្ធភាពដ៏កខ្វក់បែបនេះ របស់លោកប្រធានាធិបតីតួកគី ជាមួយប្រទេសម៉ុលដូវ៉ានោះទេ។
លោកស្រី Sandu បានបន្ថែមថាថា ការប្រគល់ខ្លួនភ្នាក់ងារអប់រំនេះ គឺមិនមានភាពត្រឹមត្រូវតាមផ្នែកច្បាប់បន្តិចសោះឡើយ ដែលវាអាចធ្វើឲ្យមានភាពគ្រោះថ្នាក់ទាំងរាងកាយ និងទាំងអាយុជីវិតរបស់ជនទាំងនោះផងដែរ។ ហើយការចរចារក៏កខ្វក់នេះ ដែលចង់ឲ្យបណ្តេញចេញភ្នាក់ងារអប់រំទៅក្រៅប្រទេសនេះ អាចនឹងមានការសូកប៉ាន់ពីក្រោយក៏ថាបានដែរ។
គួរជម្រាបថា លោក វ៉ាឡឺរីវ ហ្គីឡេតជី (Valeriu Ghiletchi) ដែលជាជំនួយការប្រធានសភាជាតិម៉ុលដូវ៉ា ក៏រៀបរាប់ឲ្យដឹងផងដែរថា ការចរចាក្នុងការបណ្តេញលោកគ្រូ-អ្នកគ្រូនេះ មិនមែនជាលើកទីមួយរបស់រដ្ឋាភិបាលតួកគីនោះទេ រឿងបែបនេះគឺធ្លាប់មានពីមុនមកហើយដែរ។ ជុំវិញរឿងនេះមន្ត្រីនៃក្រសួងយុត្តិធម៌ម៉ុលដូវ៉ា លោក នីកូលែ អេសាននូ (Nicolae Esanu) បានព្រមានថា ប្រទេសម៉ុលដូវ៉ានឹងត្រូវកាត់ទោសនៅក្នុងតុលាការយុត្តិធម៌អឺរ៉ុបសម្រាប់ការធ្វើយ៉ាងដូច្នោះ៕