(តូក្យូ)៖ រដ្ឋាភិបាលជប៉ុន នៅថ្ងៃចន្ទនេះ បានប្រាប់ឱ្យក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Facebook កែលម្អការការពារទិន្នន័យឯកជន របស់អ្នកប្រើប្រាស់ឱ្យកាន់តែប្រសើរឡើង បន្ទាប់ពីក្រុមហ៊ុនមួយនេះមានរឿងអាស្រូវលេចធ្លាយព័ត៌មានអ្នកប្រើប្រាស់រាប់លាន នាក់ជាបន្តបន្ទាប់ នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២២ ខែតុលា ឆ្នាំ២០១៨។
ជាមួយគ្នានោះ រដ្ឋាភិបាលជប៉ុន ក៏បានស្នើសុំផងដែរឱ្យក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គមដ៏ធំជាងគេ ក្នុងលោកមួយនេះ រាយការណ៍ពីបញ្ហាសន្តិសុខដល់អ្នកប្រើប្រាស់ បង្កើនការតាមដាន ក៏ដូចជាជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធ នៅពេលដែល ក្រុមហ៊ុនផ្លាស់ប្ដូរវិធានការសន្តិសុខនានា។ ក៏ប៉ុន្តែ ខាងក្រុមហ៊ុន Facebook មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ។
គួរបញ្ជាក់ថា ការអំពាវនាវរបស់រដ្ឋាភិបាលជប៉ុន កើតមានឡើងក្រោយក្រុមហ៊ុន Facebook នៅក្នុងខែតុលានេះ បាននិយាយថា ក្រុម Hackers បានលួចយកទិន្នន័យពីអ្នកប្រើប្រាស់ជាង ២៩លាននាក់។ ការប្រកាសនេះទៀតសោត ធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន យក្សមួយនេះដដែលបានប្រកាសកាលពីខែមេសាថាទិន្នន័យអ្នកប្រើប្រាស់ជិត ៨៧លាននាក់ ត្រូវបានប្រើប្រាស់ដោយគ្មាន តម្លាភាព ពីសំណាកក្រុមហ៊ុនអង់គ្លេសមួយឈ្មោះ Cambridge Analytica៕