(ប៉េកាំង)៖ អ្នកនាំពាក្យយោធាអាមេរិក លោកវរសេនីយ៍ឯក រ៉ូប មែននីង (Rob Manning) បានឱ្យដឹងថា នាវាចម្បាំងអាមេរិក ០២គ្រឿង បានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃចន្ទសប្ដាហ៍នេះ ហើយនេះគឺជាសកម្មភាព ដែលតែងតែបង្កឱ្យមានភាពតានតឹងជាមួយចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
យោងតាមលោក Rob Manning នាវាចម្បាំងអាមេរិក USS Curtis Wilbur និង USS Antietam បានដឹកនាំការធ្វើនាវាចរជាទម្លាប់ ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការការពារសេរីភាពនាវាចរនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ម្យ៉ាងវិញទៀតនេះគឺជាលើកទី ២ ហើយនៅក្នុងរយៈពេល ០៣ខែមកនេះ ដែលសហរដ្ឋអាមេរិកបញ្ជូននាវាចម្បាំង មកធ្វើសមយុទ្ធយោធានៃសេរីភាពនាវាចរ ក្នុងតំបន់កំពុងមានភាពតានតឹងជាមួយចិន។ ក៏ប៉ុន្តែបើតាម CNN ចិនក៏បានបញ្ជូននាវាចម្បាំងជាច្រើន គ្រឿងតាមឃ្លាំមើលសកម្មភាព នាវាចម្បាំងអាមេរិកទាំងពីរគ្រឿងនេះដែរ។
គួរជម្រាបថា ចិនបានចាត់ទុកថាតៃវ៉ាន់ត្រឹមតែជាខេត្តមួយរបស់ខ្លួន ហើយទីក្រុងប៉េកាំងបានដឹកនាំ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៨នេះ ដើម្បីបង្ហាញពីការប្រឆាំងនឹង ការប៉ុនប៉ងទាមទារឯករាជ្យឱ្យកោះតៃវ៉ាន់។ ចំណែកឯ រដ្ឋាភិបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បែរជាបង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយទីក្រុងតៃប៉ិ ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងបានប្រកាសពីគំរោងលក់អាវុធ មានតម្លៃជាង ៣៣០លានដុល្លារ ក្នុងនោះមានទាំងយន្ដហោះចម្បាំង F-16 និង C-130 ទៀតផង៕