(ម៉ូស្គូ)៖ សារព័ត៌មានអាមេរិក NBC News បានរាយការណ៍ថា ព្រះអនុជរបស់ព្រះអង្គម្ចាស់រាជទាយាទអារ៉ាប៊ីសាអូឌីត និង ជាអគ្គរដ្ឋទូតអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងវ៉ាស៊ីនតោន គឺព្រះអង្គម្ចាស់ ខាលីដ ប៊ីន សាល់ម៉ាន់ (Khalid bin Salman) បានជួបសន្ទនាជាមួយលោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងការិយាល័យរបស់ទ្រង់ប៉ុន្មានខែប៉ុណ្ណោះ មុននឹងអ្នកសារព័ត៌មានរូបនេះត្រូវបានគេសម្លាប់។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
NBC News ផ្អែកលើប្រភពដែលខ្លួនទទួលបានពីមនុស្ស ០៣នាក់ បានឱ្យដឹងទៀតថា ជំនួបរវាងលោក Khashoggi និងព្រះអង្គម្ចាស់ Khalid bin Salman បានធ្វើឡើងនៅក្នុងទីក្រុង Washington, DC កាលពីដើមឆ្នាំ២០១៨ ឬក៏នៅចុងឆ្នាំ២០១៧ ពោលគឺនៅពេលដែលអ្នកសារព័ត៌មានកាសែត Washington Post រូបនេះបានធ្វើដំណើរមកកាន់ស្ថានទូតអារ៉ាប៊ីសាអូឌីត និងចំណាយពេលកន្លះម៉ោងនៅទីនោះ។ ចំណែកឯមិត្តភក្តិម្នាក់របស់លោក Khashoggi ក៏បានបញ្ជាក់ដែរថា ជំនួបរវាងអ្នកទាំងពីរបានប្រព្រឹត្តទៅដោយរលូន ហើយមិនបានប្រាប់អ្វីលម្អិតនោះទេ។
ប៉ុន្តែបើតាម NBC News ជំនួបខាងលើបានកើតឡើងនៅចំពេលតុលាការអារ៉ាប៊ីសាអូឌីត បានរកមធ្យោបាយជាច្រើនលើក ដើម្បីនាំលោក Khashoggi មកកាន់អារ៉ាប៊ីសាអូឌីតវិញ។
គួរបញ្ជាក់ថា លោក Khashoggi ជាអ្នករិះគន់ឥតសម្ចៃមាត់លើរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី ក្រោយលោកត្រូវបានគេឃើញជាលើកចុងក្រោយនៅពេល ចូលក្នុងស្ថានកុងស៊ុលនេះ ដើម្បីទទួលយកឯកសាររៀបអាពាហ៍ពិពាហ៍ របស់លោកជាមួយគូដណ្ដឹងជនជាតិតួកគី។ ចំណែកឯទីក្រុងរីយ៉ាដបានបដិសេធថា ព្រះអង្គម្ចាស់រាជទាយាទ ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed bin Salman) មិនមានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ ទេ បើទោះជាសមាជិកសភាអាមេរិកខ្លះជឿថា ទ្រង់ជាអ្នកបង្គាប់ឱ្យគេសម្លាប់លោក Khashoggi ក៏ដោយ៕