(អង់ការ៉ា)៖ ថ្លែងនៅចំពោះមុខសភាក្នុងរដ្ឋធានីអង់ការ៉ានាថ្ងៃអង្គារនេះ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានលើកឡើងជុំវិញការបាត់បង់ជិវិតរបស់លោក Jamal Khashoggi ថា អារ៉ាប៊ីសាអូឌីត បានរៀបចំផែនការទុកមុនជាច្រើនថ្ងៃ ដើម្បីធ្វើឃាតអ្នកកាសែតរូបនេះ ពោលវាពុំមែនជាការបាត់បង់ជីវិតដោយចៃដន្យតាមការអះអាងរបស់ទីក្រុងរីយ៉ាដឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី RT (Russia Today) នៅល្ងាចថ្ងៃអង្គារ ទី២៣ ខែតុលា ឆ្នាំ២០១៨។
លោក Jamal Khashoggi គឺជាអ្នករិះគន់ម្នាក់នៃរបបដឹកនាំក្នុងព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ហើយលោកត្រូវគេប្រទះឃើញជាលើកចុងក្រោយ កាលពីថ្ងៃទី០២ ខែតុលា នៅពេលដែលលោកដើរចូលទៅក្នុងស្ថានកុលស៊ុលអារ៉ាប៊ីសាអូឌីត ក្នុងទីក្រុងអ៉ីស្តង់ប៊ុល នៃប្រទេសតួកគី ដើម្បីយកឯកសារចាំបាច់សម្រាប់ការរៀបអាពាហ៍ពិពាហ៍។
គួរជម្រាបថា ក្រោយពីធ្វើការបដិសេធជាង០២សប្តាហ៍កន្លងមក កាលពីថ្ងៃសុក្រសប្តាហ៍មុន អារ៉ាប៊ីសាអូឌីត តាមរយៈស្ថានីយទូរទស្សន៍រដ្ឋរបស់ខ្លួន បានទទួលស្គាល់ថា លោក Khashoggi ពិតជាបានស្លាប់នៅស្ថានកុលស៊ុលរបស់ខ្លួនមែន ប៉ុន្តែក្នុងហេតុការណ៍វាយតប់គ្នា។
ទន្ទឹមនឹងការអះអាងនេះ អាជ្ញាធអារ៉ាប៊ីសាអូឌីត បានឃុំខ្លួនមនុស្ស១៨នាក់ ដែលមានជាប់ពាក់ព័ន្ធសំណុំរឿងនេះ ហើយបណ្តេញមន្រ្តីជាន់ខ្ពស់០៦រូប រួមមានទាំងប្រធានផ្នែកចារកម្ម និងទីប្រឹក្សាជាន់ខ្ពស់របស់ព្រះអង្គម្ចាស់ស្នងរាជ្យ៕