(វ៉ាស៊ីនតោន)៖ អារ៉ាប៊ីសាអូឌីត បានចាយលុយច្រើនជាង២៤លានដុល្លារ ដើម្បីជះឥទ្ធិពលសំដៅផ្លាស់ប្ដូរគោលនយោបាយ និងសាធារណៈមតិអាមេរិក ក្នុងការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអណត្តិនៅឆ្នាំ២០១៨នេះ។ នេះបើតាមមជ្ឈមណ្ឌល សម្រាប់ឆ្លើយតបនឹងនយោបាយ (CRP) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍វិភាគរបស់ខ្លួន CRP បានឱ្យដឹងថា ថវិកា១៨លានដុល្លារ ក្នុងចំណោម២៤លានដុល្លារ ត្រូវបានចំណាយទៅ លើទីភ្នាក់ងារបរទេសដែលធ្វើសកម្មភាពក្នុងនាមផលប្រយោជន៍របស់អារ៉ាប៊ីសាអូឌីតក្នុងឆ្នាំ២០១៧ រីឯ៦លានដុល្លារទៀត កំពុង ត្រូវបានចំណាយនៅក្នុងឆ្នាំ២០១៨នេះ។ CRP បញ្ជាក់ទៀតថា ថវិកាទាំងនេះក៏បានធ្វើឱ្យអារ៉ាប៊ីសាអូឌីតក្លាយជាប្រទេសមួយ ក្នុងចំណោម១០ ដែលបាននិងកំពុងចំណាយលុយដើម្បីជះឥទ្ធិពល លើគោលនយោបាយរបស់សហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា បើតាម CRP ថវិកាខាងលើមិនបានរាប់បញ្ចូលកញ្ចប់ថវិកាក្រោមរូបភាពបរិច្ចាគ ឱ្យសមាជិកសភាមកពី គណកម្មាធិការសេវាកម្មអាវុធនោះទេ៕