(ហុងឌូរ៉ាស់)៖ ការធ្វើអន្តោប្រវេសន៍ក្នុងលក្ខណៈទ្រង់ទ្រាយធំនាសប្តាហ៍នេះ នៃប្រជាជនហុងឌូរ៉ាស់ គឺបង្កឡើងដោយសារតែវិបត្តិនយោបាយ ដែលបានចាស់ឬសគល់យ៉ាងជ្រៅនៅក្នុងប្រទេស។ នេះបើតាមដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។
បើតាមលោក រ៉ូដូលហ្វូ ផាស្ទឺ (Rodolfo Pastor) ដែលជាសមាជិកនៃបក្ស Liberty and Refoundation និងជាអ្នកនាំពាក្យនៃសម្ព័ន្ធបក្សប្រឆាំងនៅហុងឌូរ៉ាស់ បានលើកឡើងថា ប្រជាជនហុងឌូរ៉ាស់ គឺជាជនរងគ្រោះធ្ងន់ធ្ងរមួយក្រុម នៅតំបន់អាមេរិកកណ្តាល ហើយវាពុំមានអ្វីគួរឲ្យភ្ញាក់ផ្អើលខ្លាំងឡើយ ដែលពួកគេសម្រេចជ្រើសរើសយកការធ្វើអន្តោប្រវេសន៍ ដើម្បីព្យាយាមតស៊ូរស់ និងស្វះស្វែងរកឱកាសផ្សេងៗ ដែលត្រូវបានបដិសេធដោយប្រទេសកំណើតរបស់ពួកគេ។
លោក Pastor បានរំលឹកថា ប្រធានាធិបតីបច្ចុប្បន្ន លោក ចូលអាន អូឡេនដូ ហឺណាន់ដែស (Juan Orlando Hernández) បានប្រើមធ្យោបាយដើម្បីឲ្យខ្លួនជាប់ឆ្នោតបន្តទៀតដោយប្រឆាំងនឹងរដ្ឋធម្មនុញ្ញ តាមរយៈការជះឥទ្ធិពលលើស្ថាប័នរដ្ឋ ដែលលទ្ធផលបានធ្វើឲ្យលទ្ធផលបោះឆ្នោតកាលពីឆ្នាំ២០១៧ ប្រឈមមុខនឹងមន្ទិលសង្ស័យអស់រយៈពេលជាង ១ខែ។
លោក Pastor បានសង្កត់ធ្ងន់ថា បន្ថែមពីលើបញ្ហានៃភាពទីទាល់ក្រ និងវិសមភាព ដែលតំបន់នេះទទួលរងគ្រោះ ហុងឌូរ៉ាស់ក៏រងការប៉ះពាល់ពីការសឹករិចរិលនៃប្រព័ន្ធនយោបាយ ក៏ដូចជាការកកើតឡើងនៃរបបដឹកនាំបែបផ្តាច់ការ ដែលបានផ្តោតទៅលើការប្រើប្រាស់កម្លាំងបាយ ដើម្បីគាបសង្កត់ល់ប្រជាជន និងពង្រឹងអំណាចរបស់ខ្លួន។
គួរជម្រាបថា បើតាមអង្គការសហប្រជាជាតិ ជនភៀសខ្លួនជាង ៧,០០០នាក់ កំពុងសំដៅទៅកាន់ព្រំដែនម៉ិចស៉ីកូ-អាមេរិក ហើយប្រការនេះបានជម្រុញឲ្យអាមេរិកគិតគូរពីកសាងជញ្ជាំងព្រំដែនឲ្យលឿនទៅវិញ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់៕