​(ព្រុចសែល)៖ សហរដ្ឋអាមេរិក​បានគោរព និងបំពេញយ៉ាង​ខ្ជាប់ខ្ជួន តាមអ្វីដែលមានចែងក្នុង​សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ ​រយៈចំងាយមធ្យមជាមួយ​រុស្ស៊ី តែវានឹងមិនមាន​ន័យអ្វីទៀត​នោះឡើយ បើរុស្ស៊ីនៅតែបន្តរំលោភលើ​សន្ធិសញ្ញានេះ។ នេះបើតាម​អគ្គលេខាធិការអង្គការ​ណាតូ លោក ហ្សង់ ស្តូលធិនប៊ឺក (Jens Stoltenberg) ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨។

លោក Jens Stoltenberg ថ្លែង​បែបនេះនៅពេលត្រូវបាន​អ្នកសារព័ត៌មានចោទ​សួរ ពីការសម្រេចចិត្តដកខ្លួន​ពីសន្ធិសញ្ញា​អាវុធ នុយក្លេអ៊ែរ INF ជាមួយរុស្ស៊ី ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។ លោក Stoltenberg បានបន្ថែម​យ៉ាងដូច្នេះថា «ក្រុមសម្ព័ន្ធមិត្ត​ទាំងអស់​យល់ស្របថា សហរដ្ឋអាមេរិក បានបំពេញ​យ៉ាងខ្ជាប់ខ្ជួនតាម​សន្ធិសញ្ញាអាវុធ​នុយក្លេអ៊ែរ រយៈចំងាយមធ្យមជា​មួយរុស្ស៊ី... តែបញ្ហា គឺស្ថិតនៅលើ​អាកប្បកិរិយា​របស់រុស្ស៊ី»

សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ INF (Intermediate-Range Nuclear Forces) ត្រូវបានចុះ​ហត្ថលេខាដោយ​សហរដ្ឋអាមេរិក និងអតីត​សហភាពសូវៀត​កាលពីឆ្នាំ១៩៨៧ ដែលជាជំហាន​ដ៏សំខាន់មួយ​ ឈានទៅរកការ​កាត់បន្ថយការ​ប្រឈមមុខ​ដាក់គ្នា រវាងមហាអំណាច​ធំៗទាំងពីរ កាលពីសម័យ​សង្គ្រាមត្រជាក់។ សន្ធិសញ្ញា​បានហាមឃាត់ចំពោះ​ការដាក់ពង្រាយ​ប្រភេទមីស៊ីល ដែលអាចបាញ់​ចេញពីផ្ទៃដី​ក្នុងរយៈចំងាយចន្លោះ ៥០០ ដល់ ៥,៥០០គីឡូម៉ែត្រ។

ដោយឡែក​ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ក៏បាននិយាយដែរថា សហរដ្ឋអាមេរិក​នឹងប្រកាសជាផ្លូវការ​ពីការដកខ្លួន​ចេញពី សន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ​រយៈចំងាយមធ្យម (INF) ជាមួយរុស្ស៊ី​នៅពេលវេលា​សាកសមណាមួ​យ។

គួរជម្រាបថា កាលពីថ្ងៃសៅរ៍​សប្ដាហ៍មុន ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ បានព្រមានដក​សហរដ្ឋអាមេរិក​ចេញពី​សន្ធិសញ្ញា​អាវុធនុយក្លេអ៊ែរ INF ដោយចោទថា រុស្ស៊ីបានរំលោភ​បំពានលើសន្ធិសញ្ញា​មួយនេះ។ ចំណែកឯ ទីក្រុងម៉ូស្គូ​បានព្រមាន តបវិញថា នឹងចាត់វិធានការ​ឆ្លើយតប ទៅ​នឹងការសម្រេចចិត្ត​ឯកតោភាគី​របស់សហរដ្ឋអាមេរិក៕