(វ៉ាស៊ីនតោន)៖ ប៉ូលិសអាមេរិកបានឱ្យដឹងថា ក្នុងរយៈពេល ៤៨ម៉ោងប៉ុណ្ណោះ មានកញ្ចប់គ្រាប់បែកច្នៃជាច្រើនត្រូវបានផ្ញើទៅកាន់ផ្ទះ និងការិយាល័យនៃអ្នកនយោបាយអាមេរិកល្បីៗ មកពីគណបក្សប្រជាធិបតេយ្យជាច្រើននាក់ ក្នុងនោះរួមមានទាំងការិយាល័យរបស់សារព័ត៌មាន CNN ក្នុងទីក្រុងញូយ៉កផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
យោងតាមប៉ូលិស គោលដៅផ្ញើនៃកញ្ចប់គ្រាប់បែកច្នៃដូចៗគ្នាទាំងនេះមានដូចជាអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា អតីតប្រធានាធិបតីអាមេរិក លោក ប៊ីល គ្លីនតុន និងភរិយារបស់លោក គឺលោកស្រី ហ៊ីលឡារី គ្លីនតុន មហាសេដ្ឋីដែល ជាម្ចាស់ជំនួយដ៏ធំនៃគណបក្សប្រជាធិបតេយ្យ លោក ចន សូរ៉ូស (George Soros) សមាជិកសភាបក្សប្រជាធិបតេយ្យលោកស្រី ដិបប៊ី វ៉ាស្ស៊ឺម៉ាន់ ស្កាល់ស៍ (Debbie Wasserman Schultz) រួមទាំងការិយាល័យសារព័ត៌មាន CNN ក្នុងទីក្រុងញូយ៉ក។
ដោយឡែក ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯនាយកដ្ឋានប៉ូលិសនៃទីក្រុងញូយ៉ក អភិបាលក្រុងញូយ៉ក លោក បៀល ដឺ ប្លាស៊ីយ៉ូ (Bill De Blasio) ក៏បានចាត់ទុកផងដែរថា សកម្មភាពទាំងនេះគឺជាទង្វើភេរវកម្មយ៉ាងច្បាស់ក្រឡែត និងជាការបំភិតបំភ័យមេដឹកនាំអាមេរិក តាមរយៈសកម្មភាពហិង្សា។
គួរបញ្ជាក់ថា មកទល់នឹងពេលនេះមិនមានការបញ្ជាក់លម្អិត ពីហេតុការណ៍នេះនៅឡើយនោះទេ ខណៈការស៊ើបអង្កេតកំពុងធ្វើឡើង។ ក៏ប៉ុន្តែ អ្វីដែលគេដឹងគេថា ការផ្ញើកញ្ចប់គ្រាប់ច្នៃទៅកាន់អ្នកនយោបាយបក្សប្រជាធិបតេយ្យ កើតមានឡើងនៅចំពេល សហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ៕