(បាដាដ)៖ លោក អាប់ឌែល អាប់ឌុល ម៉ាឌី (Adel Abdul Mahdi) នាថ្ងៃពុធសប្តាហ៍នេះ បានស្បថឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មី នៃប្រទេសអ៉ីរ៉ាក់ហើយ បន្ទាប់ពីសភាបានអនុម័តទទួលស្គាល់មន្រ្តី ១៤នាក់ ក្នុងចំណោមសមាជិកគណៈរដ្ឋមន្រ្តីចំនួន ២២នាក់ របស់លោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
លោក Mahdi និងសមាជិកគណៈរដ្ឋមន្រ្តីទាំង ១៤នាក់ បានស្បថឡើងកាន់តំណែងជាផ្លូវការ បន្ទាប់ពីការបើកសម័យប្រជុំយ៉ាងយូរមួយ ខណៈដែលសភាបានអនុម័តកម្មវិធីរដ្ឋាភិបាល ដែលដាក់ចេញដោយលោក Abdul Mahdi និងក្រោយមកបានអនុម័តទទួលស្គាល់សមាជិកគណៈរដ្ឋមន្រ្តីចំនួន ១៤នាក់ ក្រោយការជជែកដេញដោលដ៏ក្តៅគគុក។
គួរជម្រាបថា កាលពីថ្ងៃទី០២ ខែតុលា លោក បាហាម សាលី (Barham Salih) ក៏បានស្បថឡើងកាន់តំណែងជាប្រធានាធិបតីថ្មីរបស់អ៉ីរ៉ាក់ផងដែរ៕