(ប៉េកាំង)៖ ប្រមុខការពារជាតិចិន បានប្រកាសជាចំហនាថ្ងៃព្រហស្បតិ៍នេះថា កងទ័ពចិននឹងប្រើគ្រប់សកម្មភាពទាំងអស់ ប្រសិនបើនរណាម្នាក់ហ៊ានព្យាយាមមកបំបែកកោះតៃវ៉ាន់ចេញពីប្រទេសចិន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
ទោះជាបែបនេះក្តី រដ្ឋមន្រ្តីការពារជាតិចិន លោក វៃ ហ្វេងហេ (Wei Fenghe) បានគូសបញ្ជាក់ថា «កងកម្លាំងប្រដាប់អាវុធចិនតែងតែប្រកាន់ខ្ជាប់នូវការអភិវឌ្ឍខ្លួនដោយសន្តិវិធី ហើយនឹងមិនចូលរួមពាក់ព័ន្ធជាមួយការប្រកួតប្រជែងសព្វាវុធ ឬក៏ពង្រីកឥទ្ធិពលយោធាឡើយ។ និយាយរួម គឺយោធាចិននឹងគ្មានថ្ងៃក្លាយជាការគំរាមកំហែង ដល់ប្រទេសដទៃនោះទេ»។
គួរជម្រាបថា ការព្រមានជាថ្មីបែបនេះពីសំណាក់ទីក្រុងប៉េកាំង ត្រូវបានធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាមេរិកបានបញ្ជូននាវាចម្បាំង ០២គ្រឿង ឆ្លងកាត់ច្រកសមុទ្រកោះតៃវ៉ាន់។ ចិនដែលមិនខ្លាចនឹងប្រើកម្លាំងបាយ ដើម្បីសង្រ្គប់យកកោះតៃវ៉ាន់មកគ្រប់គ្រងនោះ បានតាមដានដោយមិនដាក់ភ្នែកនោះឡើយ ចំពោះទំនាក់ទំនងរវាងទីក្រុងវ៉ាស៉ីនតោន និងតៃវ៉ាន់ ដែលទីក្រុងប៉េកាំងនៅតែចាត់ទុកថា គ្រាន់ជាខេត្តមួយប៉ុណ្ណោះរបស់ខ្លួន៕