(រីយ៉ាដ)៖ សំណុំរឿងឃាតកម្មលើអ្នកសារព័ត៌មានអារ៉ាប៊ីសាអ៊ូឌីត មកពីកាសែត Washington Post លោក ខាសហូកជី (Khashoggi) កំពុងបង្កជាសំណួរជាច្រើន ជុំវិញចំណាត់ការរបស់សហគមន៍អន្តរជាតិលើទីក្រុងរីយ៉ាដ ខណៈអាល្លឺម៉ង់គឺជាប្រទេសលោកខាងលិច ដំបូងគេដែលបានប្រកាសជាសាធារណៈថា ទីក្រុងប៊ែរឡាំងមិនអាចបន្តលក់អាវុធ ឱ្យអារ៉ាប៊ីសាអូឌីតទៀតនោះទេ នៅក្នុងករណីដែលសំណុំរឿងលោក Khashoggi មិនទាន់ត្រូវបានបំបែកទាំងស្រុង ហើយនរណាជាអ្នកទទួលខុសត្រូវ។
លោក Khashoggi ជាអ្នករិះគន់លើនយោបាយដឹកនាំរបស់ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ បានបាត់ខ្លួនក្រោយចូលស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគីកាលពីថ្ងៃទី០២ ខែតុលា។ ចំណែកឯ អាជ្ញាធរ តួកគីបានអះអាងថា លោកត្រូវបានគេសម្លាប់នៅក្នុងស្ថានកុងស៊ុល ហើយអារ៉ាប៊ីសាអូឌីត ក៏បានទទួលស្គាល់ពីមរណភាពរបស់អ្នកសារព័ត៌មានរូបនេះដែរ ប៉ុន្តែបានបដិសេធចំពោះការលើកឡើងដែរថា ព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ។
ដោយឡែក ជុំវិញសំណុំរឿងនេះដែរ អ្នកជំនាញខាងវិភាគនយោបាយម្នាក់ គឺលោកស្រី ខាធឺរិន ហ្សាកដាំ (Catherine Shakdam) បានផ្តល់សម្ភាសន៍ជាមួយ Sputnik ថា មហាអំណាចលោកខាងលិចដូចជា បារាំង អាល្លឺម៉ង់ និងអង់គ្លេសជាដើម រួមទាំងរាជ្យវង្សអារ៉ាប៊ីសាអូឌីត អាចនឹងបង្ខំឱ្យព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ចុះពីតំណែងជារាជទាយាទ។
លោកស្រី Catherine បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វាអាចទៅរួចថាមហាអំណាចលោកខាងលិច និងសែរាជវង្សអារ៉ាប៊ីសាអូឌីត មួយចំនួនអាចនឹងបង្ខំឱ្យទ្រង់ចុះចេញពីតំណែង ពីព្រោះទ្រង់គ្មានទំនួលខុសត្រូវ ដែលនេះអាចឱ្យបណ្ដាមេដឹកនាំពិភពលោក លែងចង់មានទំនាក់ទំនងជាមួយទ្រង់។ ម្យ៉ាងវិញទៀត សូម្បីតែសមាជិកសភាអាមេរិកក៏ធ្លាប់អះអាងដែរថា មិនឃើញទ្រង់កាន់ តំណងជារាជទាយាទ ឬតំណែងជាន់ខ្ពស់នៅក្នុងជួររដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតទៀតនោះ បើសិនជាទ្រង់ជាអ្នកបញ្ជាឱ្យគេសម្លាប់ លោក Khashoggi»។
តែទោះជាយ៉ាងណា លោកស្រី Khashoggi នៅតែទទួលស្គាល់ដដែលថា ការចង់ឱ្យព្រះអង្គម្ចាស់ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ ចុះចេញពីតំណែងមិនមែនជារឿងងាយស្រួលនោះទេ ដ្បិតបច្ចុប្បន្នទ្រង់មានអំណាចពេញដៃទៅហើយ។ ម្យ៉ាងវិញទៀតគេគ្រប់គ្នាសុទ្ធតែ ដឹងថាអារ៉ាប៊ីសាអូឌីតជាមហាសេដ្ឋីមានលុយចាយ សឹងមិនចេះអស់ជាមួយធនធានប្រេង ដែលប្រទេសដទៃនៅលើពិភពលោកពឹងផ្អែក។ ពោលបើនិយាយឱ្យជាក់ស្ដែង គឺលុយមានសំឡេងខ្លាំងជាងអ្វីៗទាំងអស់។
ជាក់ស្ដែងសូម្បីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខ្លួនឯងក៏ធ្លាប់បាននិយាយដែរថា លោកមិនចង់ឱ្យដោយសារតែ មនុស្សម្នាក់ធ្វើឱ្យសហរដ្ឋអាមេរិក ខាតបង់ប្រាក់រាប់ពាន់លានដុល្លារឡើយ។ «ពួកគេ (អារ៉ាប៊ីសាអូឌីត) កំពុងត្រៀមចាយលុយ ១១០ពាន់លានដុល្លារ លើការទិញបរិក្ខាយោធា ហើយដែលនេះបានបង្កើតការងារយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះខ្ញុំមិនពេញចិត្តទាល់តែសោះ ចំពោះគំនិតបញ្ឍប់ការលក់អាវុធ ឬការវិនិយោគរបស់ទីក្រុងរីយ៉ាដ ដ្បិតអ្នកទាំងអស់គ្នាដឹងយ៉ាងច្បាស់ថា ពួកគេនឹងធ្វើអ្វីជាការឆ្លើយតប។ ពោលគឺពួកគេនឹងដកយកលុយវិញ ហើយយកវាទៅចាយនៅក្នុងប្រទេសរុស្ស៊ី ឬ ចិន ឬក៏ប្រទេសណាមួយក៏ថាបាន»។ នេះគឺជាការគូសបញ្ជាក់របស់លោក ត្រាំ កាលពីថ្ងៃទី១២ ខែតុលា កន្លងទៅ។
គួរជម្រាបថា លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធបានធ្វើការកត់សម្គាល់ជាថ្មីថា ព្រះអង្គម្ចាស់រាជទាយាទ មហាំម៉ាត់ ប៊ីន សាល់ម៉ាន់ អាចជាអ្នកពីក្រោយខ្នងការស្លាប់របស់លោក Khashoggi ខណៈទីប្រឹក្សាប្រធានាធិបតីតួកគីម្នាក់និយាយថា ដៃទាំងទ្វេរបស់ទ្រង់ប្រឡាក់ ដោយឈាមអ្នកកាសែតរូបនេះ។ ក៏ប៉ុន្តែភ្លាមៗ អារ៉ាប៊ីសាអូឌីត មិនទាន់ធ្វើការអត្ថាធិប្បាយណាមួយ ជុំវិញការលើកឡើងទាំងនេះនៅឡើយទេ៕
ប្រភព៖ Sputnik, ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨