(បាងកក)៖ ដើម្បីសម្រួលឲ្យការរៀបចំដណើរការបោះឆ្នោត តាមការគ្រោងទុកអាចប្រព្រឹត្តទៅដោយរលូននោះ ឧបនាយករដ្ឋមន្ត្រីថៃលោក ប្រាវិត វង់ស៊ូវ៉ាន់ (Prawit Wongsuwan) និងលោក វីស្សានុ គ្រាញាំ (Wissanu Krea-ngam) បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា កាលបរិច្ឆេទប្រឡងចូលសាកលវិទ្យាល័យ គួរតែត្រូវបានកំណត់ជាថ្មី ដើម្បីជួយសម្រួលដល់ការបោះឆ្នោតសកលដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែកុម្ភៈ ឆ្នាំ២០១៩។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែតុលា ឆ្នាំ២០១៨។
ការលើកឡើងរបស់ឧបនាយករដ្ឋមន្រ្តីទាំងពីរធ្វើឡើង នៅចំពេលមានការព្រួយបារម្ភថា ការកំណត់យកថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ប្រធានក្រុមប្រឹក្សាសាកលវិទ្យាល័យនៅក្នុងប្រទេសថៃ ជាកាលបរិច្ឆេទប្រឡងចូលសាកលវិទ្យាល័យ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ដំណើរការរៀបចំបោះឆ្នោតសកល ព្រោះកាលបរិច្ឆេទរៀបចំការបោះឆ្នោតជាតិ ត្រូវបានគេគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ។
ដោយសារតែការព្រួយបារម្ភនេះឯង ទើបលោក Prawit ស្នើឱ្យមានការកំណត់ថ្ងៃប្រឡងជាថ្មី ឡើងវិញដើម្បីទុកឱ្យឱកាសសិស្សរាប់ពាន់នាក់ ដែលមានសិទ្ធិ និងគ្រប់អាយុបោះឆ្នោតអាចទៅបោះឆ្នោត ដោយមិនប៉ះពាល់ដល់ការប្រឡងរបស់ពួកគេ។
គួរជម្រាបថា បើតាមច្បាប់ថៃប្រជាជនមានអាយុ ១៨ឆ្នាំឡើង គឺមានសិទ្ធិបោះឆ្នោត ហើយបើតាមលោក Prawit កាលបរិច្ឆេទបោះឆ្នោតមិនអាចត្រូវបានពន្យារពេល ដោយសារការប្រឡងនោះទេ។ បើវាកើតឡើងតាមការគ្រោងទុកមែននោះ ការបោះឆ្នោតនេះគឺជាលើកទី ១ បំផុតគិតចាប់តាំងពីអតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ត្រូវបានយោធាទម្លាក់ចេញពីអំណាច កាលពីខែឧសភា ឆ្នាំ២០១៤៕