(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក FBI បានបើកការស៊ើបអង្កេតលើ កន្លែងទទួលសំបុត្រ (mail facility) មួយស្ថិតនៅក្បែរទីក្រុង ម៉ៃអាមី (Miami) នៃរដ្ឋផ្លូរីដា ខណៈក្រុមអ្នកស៊ើបអង្កេតកំពុងព្យាយាមតាមរកអ្នកនៅពីក្រោយ ការបញ្ជូនកញ្ចប់គ្រាប់បែកច្នៃជាបន្តបន្ទាប់ ទៅកាន់អ្នកនយោបាយអាមេរិក និងបុគ្គលល្បីៗមកពីគណបក្សប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក កញ្ចប់គ្រាប់បែកច្នៃត្រូវបានគេបញ្ជូនជាបន្តបន្ទាប់ទៅកាន់អ្នកនយោបាយ និងបុគ្គលអាមេរិកល្បីៗចំនួន ០៨នាក់ ក្នុងនោះរួមមានទាំងអតីតអនុប្រធានាធិបតីអាមេរិកលោក ចូ ប៊ីដឌិន (Joe Bidden) និងតារាសម្ដែង រ៉ូប៊ឺត ដឺ នីរ៉ូ (Robert De Niro) ដែលអ្នកទាំងពីរគឺជាអ្នកទទួលបានកញ្ចប់គ្រាប់បែកច្នៃចុងក្រោយគេ។ ដោយឡែក មន្ត្រីអាមេរិកជាច្រើននាក់ក៏បានបញ្ជាប់ប្រាប់ ប្រព័ន្ធផ្សព្វផ្សាយដែរថា កញ្ចប់គ្រាប់បែកច្នៃចុងក្រោយនេះ គឺមានប្រភពមកពីរដ្ឋផ្លូរីដា។ ក៏ប៉ុន្តែ FBI មិនទាន់ចេញរបាយការណ៍លម្អិតណាមួយនៅឡើយទេ ស្របពេលអ្នកទទួលកញ្ចប់ទាំងនេះ ភាគច្រើនអ្នកប្រជាធិបតេយ្យដែលចូលចិត្តរិះគន់លោក ដូណាល់ ត្រាំ។
គួរបញ្ជាក់ថា ការផ្ញើកញ្ចប់គ្រាប់បែកច្នៃ (មិនផ្ទុះ) ទៅកាន់អ្នកនយោបាយបក្សប្រជាធិបតេយ្យ កើតមានឡើងនៅចំពេលសហរដ្ឋអាមេរិកកំពុងត្រៀមរៀបចំការបោះឆ្នោតសភាពាក់កណ្ដាលអាណត្តិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ ហើយបើតាម FBI បុគ្គលទាំង ០៨នាក់ខាងលើរួមមាន៖
១៖ មហាសេដ្ឋីលោក ចច សូរ៉ូស (George Soros)
២៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton)
៣៖ អតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា (Barack Obama)
៤៖ អនុប្រធានាធិបតីអាមេរិកលោក Joe Biden
៥៖ អតីតនាយក CIA លោក ចន ប្រេនណិន (John Brennan)
៦៖ អតីតអគ្គរដ្ឋអាជ្ញាលោក អេរិច ហូលដឺ (Eric Holder)
៧៖ សមាជិកសភាបក្សប្រជាធិបតេយ្យមកពីរដ្ឋកាលីហ្វរញ៉ា លោកស្រី ម៉ាស៊ីន វ៉តធើស៍ (Maxine Waters)
៨៖ តារាសម្ដែង Robert De Niro