(ម៉ូស្គូ)៖​ ការលុបចោល​គំរោងលក់អាវុធ ដាក់សម្ពាធផ្នែកការទូត និងពាណិជ្ជកម្ម, ការលុបចោលទិដ្ឋាការ និងការបង្កក​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម គឺជាវិធានការ​ឆ្លើយតប​ស្ថិតនៅក្នុងការពិចារណា​ របស់បណ្ដា​ប្រទេស​លោក​ខាងលិច រួមទាំង​សហរដ្ឋអាមេរិក នៅក្នុងករណី​ដែលអារ៉ាប៊ីសាអូឌីត​ មានជាប់ពាក់ព័ន្ធនឹង​ការស្លាប់របស់​អ្នកកាសែត​លោក ចាម៉ាល ខាសហូកជី (Jamal Khashoggi)។ នេះបើតាម​ការចេញផ្សាយ​ដោយ CNN នាព្រឹក​ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

ក៏ប៉ុន្តែស្របពេល​បណ្ដាប្រទេសមហាអំណាច​លោកខាងលិច​ទាំងនេះ នាំគ្នារិះគន់​ទីក្រុងរីយ៉ាដ ដោយសារ​តែពួកគេ​មិនអាចទទួល យកបានចំពោះ​ការបកស្រាយ​របស់ក្រុមមន្ត្រី​អារ៉ាប៊ីសាអូឌីត ប្រទេសមួយ​ដែលមិនបានចេញ​មុខ​រិះគន់មហាសេដ្ឋីប្រេង​មួយនេះ ទាល់តែសោះ​នោះគឺរុស្ស៊ី។ ជាក់ស្ដែងថ្លែង​ប្រាប់សារព័ត៌មាន​នៅក្នុងស្រុក ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បាន​និយាយថា ទីក្រុងម៉ូស្គូ មិនអាចបំពុល​ទំនាក់ទំនងជា​មួយអារ៉ាប៊ីសាអូឌីត ដោយមិនទាន់ដឹង​ច្បាស់ពីការពិត​ ដែលកើតឡើងលើ​លោក Khashoggi នោះទេ ពោលគឺរង់ចាំ​លទ្ធផលស៊ើបអង្កេត​ជាមុន​សិន។

ដោយឡែក​ក្រុមអង្គការសិទ្ធិមនុស្សមិនយល់ដូច្នេះឡើយ រុស្ស៊ីនៅស្ងៀមព្រោះ​ទីក្រុងម៉ូស្គូក៏មានកេរ្តិ៍ឈ្មោះមិនល្អខាងបង្រ្កាប អ្នកសារព័ត៌មា​នរិះគន់លោក ពូទីន ផងដែរ។ ជាឧទាហរណ៍ អ្នកសារព័ត៌មាន​ជាច្រើននាក់ ត្រូវបានគេ​រាយការណ៍ថា ត្រូវបានគេ​សម្លាប់នៅក្នុង​ប្រទេសរុស្ស៊ី ក្នុងនោះរួមាន​អ្នកសារព័ត៌មាន​ស៊ើបអង្កេត លោកស្រី អាន់ណា ផូលីតកូវកាយ៉ា (Anna Politkovskaya) ដែលត្រូវបានគេបាញ់ សម្លាប់នៅ​ក្នុងផ្ទះខ្លួនឯងកាល​ពីឆ្នាំ២០០៦ កន្លងទៅ។

លើសពីនេះ​ទៅទៀត ទីក្រុងម៉ូស្គូ​ក៏ត្រូវបាន​គេចោទថា ជាអ្នកនៅពីក្រោយការ​ព្យាយាមបំពុលសម្លាប់អតីត​ទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់រុស្ស៊ី លោក ស៊ឺហ្គៃ ស្គ្រីផាល់ (Sergei Skripal) និងកូនស្រី​របស់លោក​នៅលើទឹកដីអង់គ្លេស កាលពីខែមីនា​កន្លងទៅ។ ប៉ុន្តែអ្វី​ដែលធ្វើឱ្យ​រុស្ស៊ីមិនទាន់អាចរិះគន់​អារ៉ាប៊ីសាអូឌីត នោះគឺថា​ខ្លាចប៉ះពាល់ដល់​ការវិនិយោគជាង ៥ពាន់លានដុល្លារ របស់​អារ៉ាប៊ីសាអូឌីត​លើ គំរោងឧស្ម័នរុស្ស៊ី​នៅឯតំបន់សមុទ្រ​ទឹកកក​អាក់ទិច។

គួររំលឹកឡើងវិញថា លោក Jamal Khashoggi បានបាត់ខ្លួន​យ៉ាងអាថ៌កំបាំង ក្រោយចូលស្ថានកុងស៊ុល​អារ៉ាប៊ីសាអូឌីត ប្រចាំ ទីក្រុងអ៊ីស្ដង់ប៊ូល ប្រទេសតួកគី កាលពីថ្ងៃទី០២ ខែតុលា។ ក្រោយមកទៀត មានសេចក្ដីរាយការណ៍​ជាបន្តបន្ទាប់ថា លោកត្រូវ​បានគេសម្លាប់ចោលនៅក្នុង​ស្ថានកុងស៊ុល ហើយកាលពី​ថ្ងៃព្រហស្បតិ៍ អារ៉ាប៊ីសាអូឌីត​ក៏បានទទួលស្គាល់ដែរថា ការស្លាប់​របស់​អ្នកកាសែតរូបនេះ គឺជាឃាតកម្ម​រៀបចំទុក​ជាមុន៕