(ម៉ូស្គូ)៖ របាយការណ៍​សម្ងាត់មួយ ទើបត្រូវបានទម្លាយ​ដោយមជ្ឈមណ្ឌល ខាណេជី-ស៊ីងហ័រ (Carnegie-Tsinghua) ដែលជំនាញ​ខាងតាមដាននយោបាយសកល​បានអះអាងថា ប្រទេសចិន​កំពុងត្រៀមផលិតអាវុធនុយក្លេអ៊ែរ​បន្ថែមទៀត ព្រោះ​បច្ចុប្បន្ន​នេះ ក្បាលគ្រាប់នុយក្លេអ៊ែរ​ដែលចិនកំពុង​ស្តុកទុកស្រាប់នោះ គឺមិនទាន់​គ្រប់គ្រាន់​ដើម្បី​ឲ្យខ្លួន​អាចពើងទ្រូង ​ដាក់ប្រទេស​​មហាអំណាច​​នុយក្លេអ៊ែរផ្សេងទៀត​នោះឡើយ។ នេះបើតាម​​ការចេញផ្សាយ​ព័ត៌មាន​​ដោយ Sputnik នាព្រឹក​​ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។

ជុំវិញបញ្ហាខាងលើនេះ លោក តុង ចាវ (Tong Zhao) ដែលជាអ្នកស្រាវជ្រាវ​មួយនៃ​មជ្ឈមណ្ឌល Carnegi-Tsinghua មូលហេតុសំខាន់បំផុតមួយ ដែលស្ថិតនៅពីក្រោយ​គំរោងបង្កើតអាវុធនុយក្លេអ៊ែររបស់ចិន ដើម្បីបំពាល់លើនាវាមុជទឹកនោះ គឺដោយសារ​តែក្រុមជំនាញចិនបានផ្តល់យោបល់ថា កងទ័ពចិនត្រូវតែធ្វើការផលិតអាវុធនុយក្លេអ៊ែរ​ដែលខ្លាំងជាងអ្វីដែលខ្លួនមាន ដើម្បីបង្ហាញប្រទេសមហាអំណាចនុយក្លេអ៊ែរ​ផ្សេងទៀតថា ចិនអាចតបតទៅវិញដោយមិនញញើតដៃ ចំពោះការវាយប្រហារណាមួយដោយអាវុធ​នុយក្លេអ៊ែររបស់សត្រូវ។

លោក Zhao បានបញ្ជាក់​យ៉ាងដូច្នេះថា «ក្តីព្រួយបារម្ភចិន គឺទៅលើការប្រកួតប្រជែង​សព្វាវុធថ្មីៗ ដែលមិនមែន​ជាអាវុធមីស៊ីល ឬអាវុធ​ច្រើនប្រភេទ​ទៀតដែលខ្លួន​មានសមត្ថភាព​ផលិតបាននោះឡើយ ប៉ុន្តែក្រុមជំនាញ​ចិន​កំពុងតែព្រួយបារម្ភ​ទៅលើ​ប្រទេសដទៃ​ដែលកំពុងធ្វើការអភិវឌ្ឍ​អាវុធប្រភេទថ្មី ដែលគ្រប់គ្រាន់​ក្នុងការ​​គំរាម​កំហែង​ទៅលើចិន ទោះបីចិនមាន​អាវុធនុយក្លេអ៊ែរ​ក៏ដោយ»

គួរបញ្ជាក់ថា បើតាមការលើក​របស់លោក Zhao ក្តីព្រួយបារម្ភ​របស់ចិន គឺកើតមាន​ឡើង​បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ​អាមេរិកបាន​ទម្លាយថា សហរដ្ឋអាមេរិក​​មានបច្ចេកវិទ្យា​ខ្លាំង​គ្រប់គ្រាន់​ដើម្បីបំផ្លាញចិន និងរុស្ស៊ី ប្រសិនបើខ្លួន​ចង់ធ្វើ​នោះ។ ហេតុដូច្នេះ​ប្រទេសចិន ឬសូម្បី​តែរុស្ស៊ី គ្មានផ្លូវណាផ្សេង​ក្នុងការជ្រើសរើសនោះ​ឡើយ ដោយប្រទេស​យក្ស​ទាំងពីរ​នេះមានតែ​ប្រឹងអភិវឌ្ឍន៍​នុយក្លេអ៊ែរ​ឲ្យកាន់តែខ្លាំង មានចំនួនច្រើន​ជាងមុន និង​ប្រកប​ដោយបច្ចេកទេស​ខ្ពស់ឡើងៗ​ជាដើម៕