(ប៉េកាំង)៖ អំឡុងពេលនៃការស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដ៏មហាកម្ររបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ មកកាន់ទីក្រុងប៉េកាំងនោះ ប្រទេសចិនបានអះអាងថា ខ្លួនមានឆន្ទៈក្នុងការលើកស្ទួយទំនាក់ទំនងជាមួយប្រទេសជប៉ុនឡើងវិញ ប្រកបដោយសុខុមាលភាព។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨។
ការអះអាងដូចខាងលើនេះ គឺធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីចិន លឺ ខឺជាំង ចំពោះមុខសមភាគីជប៉ុនលោក ស៊ីនហ្សូ អាបេ ហើយក្នុងនោះមេដឹកនាំទាំងពីរក៏បានយល់ស្របគ្នាផងដែរថា ការធ្វើពាណិជ្ជកម្មសេរីគួរតែត្រូវបានការពារ ខណៈភាគចិនបានបញ្ជាក់ប្រាប់ជប៉ុនថា ចិនគ្មានចេតណាមួយក្នុងការប្រកួតប្រជែងជាមួយជប៉ុន តាមរយៈការទម្លាក់តម្លៃប្រាក់យ័នរបស់ខ្លួននោះឡើយ។
ក្រៅពីការប្តេជ្ញាចិត្តលើកស្ទួយវិស័យពាណិជ្ជកម្មទ្វេភាគីរវាងចិន និងជប៉ុនពេលនេះ ប្រទេសទាំងពីរក៏បានសន្យាផងដែរថា នឹងធ្វើការងាររួមគ្នាដើម្បីដោះស្រាយបញ្ហាកូរ៉េខាងជើង ហើយជប៉ុននៅតែរក្សាជំហរខ្លួនជានិច្ចថា អ្វីៗអាចវិលទៅរកភាពប្រសើរឡើងវិញបាន លុះត្រាណាតែបញ្ហាជនជាតិជប៉ុនមួយចំនួន ដែលត្រូវកូរ៉េខាងជើងចាប់ឃុំខ្លួននោះ ត្រូវបានដោះស្រាយជាមុន។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញ ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅក្នុងប្រទេសចិន តបតាមការអញ្ជើញពីនាយករដ្ឋមន្ត្រីចិនលោក លី ខឺជាំង (Li Keqiang)។ លោក អាបេ នឹងស្ថិតនៅប្រទេសចិនពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែតុលានេះ ហើយនេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងបំផុតរបស់លោកមកកាន់ទីក្រុងប៉េកាំង ក្នុងរយៈពេលជាង ០៧ឆ្នាំមកនេះ។
ក៏ប៉ុន្តែគួរឱ្យកត់សម្គាល់ ដំណើរទស្សនកិច្ចនេះធ្វើឡើងនៅចំពេលជប៉ុន និងចិន សុទ្ធតែកំពុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ជាពិសេសគឺសង្រ្គាមដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ ដែលត្រូវបានអ្នកជំនាញខ្លះយល់ថា អាចនឹងក្លាយជាមូលហេតុមួយធ្វើឱ្យទីក្រុងតូក្យូ និងទីក្រុងប៉េកាំង មានទំនាក់ទំនងកាន់តែល្អនឹងគ្នា៕