(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានបដិសេធចោលនូវការអញ្ជើញពីរដ្ឋាភិបាលទីក្រុងញូដេលី ដើម្បីឲ្យទៅចូលរួមពិធីព្យុហយាត្រានៃទិវា Republic Day នាឆ្នាំក្រោយ ក្នុងនាមជាប្រមុខភ្ញៀវកិត្តិយស ហើយព័ត៌មាននៃការច្រានចោលការអញ្ជើញនេះ បានកើតមានឡើង ចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរ ពុំមានសភាពល្អនោះឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែតុលា ឆ្នាំ២០១៨។
សម្រាប់មូលហេតុនៅពីក្រោយការបដិសេធខាងលើ គឺត្រូវបានរដ្ឋបាលលោក ត្រាំ អះអាងថា ដោយសារតែរូបលោក មានបញ្ហាបន្ទាន់ដទៃទៀតដែលអាក់ខានមិនបានចំថ្ងៃតែមួយ ដោយលោកប្រធានាធិបតីអាមេរិក នឹងត្រូវធ្វើការថ្លែងសុន្ទរកថាប្រចាំឆ្នាំនៅចំពោះមុខសភាអាមេរិក។
ទិវា Republic Day របស់ប្រទេសឥណ្ឌា នឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។ ប៉ុន្តែអ្វីដែលគេសម្គាល់នោះគឺថា កាលពីឆ្នាំ២០១៥ នៅពេលលោក បារ៉ាក់ អូបាម៉ា ដែលកាលនោះនៅជាប្រធានាធិបតីអាមេរិក បានធ្វើទស្សនកិច្ចទៅកាន់ឥណ្ឌា ដើម្បីចូលរួមទិវា Republic Day កាលបរិច្ឆេទសម្រាប់ការថ្លែងសារជាតិ ត្រូវបានពន្យារពេល ព្រោះថាវាមិនត្រូវបានកំណត់ថា ត្រូវតែធ្វើឡើងចំថ្ងៃណាមួយជាប់រហូតនោះឡើយ ប៉ុន្តែអាចប្រព្រឹត្តទៅពេលណាក៏បាន ឲ្យតែនៅចន្លោះថ្ងៃទី២២ ខែមករា និងសប្តាហ៍ដំបូងនៃខែកុម្ភៈ។
គួរជម្រាបថា កាលពីអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ក្នុងខែតុលានេះ ឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញយកប្រព័ន្ធមីស៉ីល S-400 ចំនួន០៥គ្រឿង ទោះបីជាបានរងការព្រមានពីសហរដ្ឋអាមេរិកក៏ដោយ។ ក្រៅពីនេះ ទោះបីជារដ្ឋបាលលោក ដូណាល់ ត្រាំ កន្លងមកបានគំរាមដាក់ទណ្ឌកម្មឥណ្ឌាយ៉ាងណាក្តី ទីក្រុងញូដេលី នៅតែបន្តនាំចូលប្រេងពីអ៉ីរ៉ង់៕