(ហ្សាការតា)៖ ព័ត៌មានបន្ថែមទៀតបានឲ្យដឹងនៅមុននេះបន្តិចថា យន្តហោះឥណ្ឌូណេស៊ីប្រភេទ Boeing 737 MAX 8 ជាកម្មសិទ្ធិរបស់អាកាសចរណ៍ Lion Air ដែលបានធ្លាក់ទៅក្នុងសមុទ្រ ក្រោយពីទើបហោះចេញពីអាកាសយានដ្ឋានរដ្ឋធានីហ្សាការតា ឆ្ពោះទៅកាន់កោះស៊ូម៉ាត្រាបាន ១៣នាទីនោះ គឺមានផ្ទុកមនុស្សសរុបរហូតដល់ ១៨៨នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានអូស្ត្រាលី News Australia នាព្រឹកថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
មន្ត្រីឥណ្ឌូណេស៊ីបានបញ្ជាក់ថា យន្តហោះរបស់អាកាសចរណ៍ក្នុងស្រុកខាងលើនេះ បានធ្លាក់នៅត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្តជ្វា របស់ប្រទេសឥណ្ឌូណេស៊ី ខណៈមិនទាន់មានព័ត៌មានណាមួយ បញ្ជាក់ពីការរកឃើញបំណែកយន្តហោះ ឬមួយក៏ជោគវាសនានៃមនុស្សជិះទាំងអស់ នៅលើយន្តហោះ Boeing 737 MAX 8 នោះឡើយ។ នេះបើតាមការបញ្ជាក់ពីលោក យូសូហ្វ ឡាទីហ្វ (Yusuf Latif) អ្នកនាំពាក្យនៃទីភ្នាក់ងារសង្គ្រោះ និងស្រាវជ្រាវជាតិឥណ្ឌូណេស៊ី៕