(ហ្សឺណែវ)៖ ក្រុមយុទ្ធនាការលុបបំបាត់នុយក្លេអ៊ែរអន្តរជាតិ International Campaign to Abolish Nuclear Weapons ហៅកាត់ថា ICAN ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាពឆ្នាំ២០១៧ បានឲ្យដឹងថា សន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ អាចនឹងលេចរូបរាងលើជាផ្លូវការនៅចុងឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី២៩ ខែតុលា ឆ្នាំ២០១៨។
អង្គការ ICAN បាននិងកំពុងអំពាវនាវឲ្យរដ្ឋាភិបាលនៃប្រទេសនានា ផ្តល់ហត្ថលេខាលើសន្ធិសញ្ញាអន្តរជាតិមួយ ដែលកំណត់ឲ្យរដ្ឋាភិបាលទាំងនោះ សន្យាមិនទទួលស្គាល់អាវុធនុយក្លេអ៊ែរ និងលើកកម្ពស់ប្រទេសដទៃទៀតឲ្យធ្វើដូចគ្នា។ បច្ចុប្បន្នសន្ធិសញ្ញាមានប្រទេសជាហត្ថលេខីចំនួន ១៩ប្រទេស ខណៈដើម្បីឲ្យសន្ធិសញ្ញានេះអាចចូលជាធរមានបាន គឺត្រូវការហត្ថលេខាពី ៥០ប្រទេសឡើងទៅ។ ប្រធានអង្គការ ICAN បានឲ្យដឹងថា មានប្រទេសពី ២៥ ទៅ ៣០ប្រទេស ដែលបានអះអាងថា នឹងត្រៀមខ្លួនចុះហត្ថលេខាឲ្យបានមុនដំណាច់ឆ្នាំ២០១៩។
គួរជម្រាបថា យ៉ាងណាមិញមហាអំណាចពិភពលោកដូចជា សហរដ្ឋអាមេរិក ចិន និង រុស្ស៉ី បានជំទាស់ដាច់ខាតចំពោះសន្ធិសញ្ញានេះ ដោយសម្អាងលើហេតុផលថា អាវុធនុយក្លេអ៊ែរបានជួយទប់ស្កាត់មិនឲ្យផ្ទុះសង្រ្គាមលោកលើកទីបី កាលពីអំឡុងសម័យសង្រ្គាមត្រជាក់នាសតវត្សរ៍ទី២០៕