(ហ្សាកាតា)៖ ការស្ទះចរាចរណ៍ នៅរដ្ឋធានី ហ្សាកាតា បានជួយសង្គ្រោះជីវិតបុរសម្នាក់ដោយចៃដន្យ ដោយធ្វើឱ្យលោកខកជើងហោះហើរ យន្តហោះ Lion Air ដែលក្រោយមកយន្តហោះនេះបានធ្លាក់ចូលក្នុងសមុទ្រ បន្ទាប់ពីទើបតែហោះហើរបានប៉ុន្មាននាទី នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន Daily mail ចេញផ្សាយប៉ុន្មានម៉ោងមុននេះនាយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨។
លោក Sony Setiawan ជាមន្ត្រីម្នាក់នៅក្នុងក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បាននិយាយថា លោកគ្រោងនឹងធ្វើដំណើរតាមជើងហោះហើរ JT610 ដែលលោក និងមិត្តរួមការងារតែងតែជិះជារៀងរាល់សប្តាហ៍។ លោកព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវដ៏កកស្ទះ នៅក្នុងរដ្ឋធានីហ្សាកាតា ដើម្បីឡើងយន្តហោះ ប៉ុន្តែបែរជាជាប់គាំងនៅលើផ្លូវអស់ពេលជាច្រើនម៉ោង។
បុរសរូបនេះបានប្រាប់ភ្នាក់ងារព័ត៌មានបារាំង AFP ថា «ជាធម្មតាខ្ញុំ តែងតែជ្រើសយកជើងហោះហើរ JT610 ដោយមិត្តភក្តិ និងខ្ញុំតែងតែជិះយន្តហោះនេះជាប្រចាំ។ ខ្ញុំមិនយល់សោះថា ហេតុអ្វីបានជាថ្ងៃកើតហេតុ មានការស្ទះចរាចរណ៍ជាខ្លាំងបែបនេះ។ ជាធម្មតាខ្ញុំតែងតែមកដល់ទីក្រុងហ្សាកាតា នៅម៉ោង៣ព្រឹក ប៉ុន្តែព្រឹកនេះខ្ញុំបានមកដល់អាកាសយាន្តដ្ឋាននៅម៉ោង ៦៖២០នាទីព្រឹក ជាហេតុធ្វើឱ្យខ្ញុំត្រូវខកជើងហោះហើរ»។
ការរាំងស្ទះចរាចរណ៍នេះ បានសង្គ្រោះជីវិតរបស់លោក Setiawan ខណៈដែលមន្រ្តីឥណ្ឌូណេស៊ី បានព្រមានថា ទំនងជាគ្មានអ្នកណាម្នាក់នៅលើយន្តហោះ នៅរស់រានមានជីវិតនោះឡើយ។ សូមជម្រាបថា មានមនុស្សចំនួន ១៨៩នាក់ នៅលើយន្តហោះ Lion Air ដែលបានបាត់ដំណឹងពីប្រព័ន្ធរ៉ាដា បន្ទាប់ពីហោះហើរបានរយៈពេល ១៣នាទី ហើយបានធ្លាក់ក្នុងទឹកសមុទ្រ Java៕