(ហ្សាកាតា)៖ ភ្លាមៗបន្ទាប់ពីចាកចេញពីអាកាសយាន្តដ្ឋាន Soekarno-Hatta ក្នុងទីក្រុង Tangerang នៃរដ្ឋធានី ហ្សាកាតា យន្តហោះLion Air ដែលមានជើងហោះហើរ JT 610 បានស្នើសុំមន្ត្រីគ្រប់គ្រង់អាកាសចរណ៍ដើម្បីវិលត្រឡប់មូលដ្ឋានដើមវិញ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨។
លោក Yohanes អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ បានលើកឡើងថា យន្តហោះនេះបានស្នើសុំការអនុញ្ញាតវិលត្រឡប់មកវិញ បន្ទាប់ហោះហើរបានប្រហែល១២ ម៉ាយ ប៉ុន្ដែមិនបានបញ្ជាក់ថា មានភាពអាសន្ននោះទេ។ លោកបានបន្ថែមថា ក្នុងស្ថានភាពនេះយន្តហោះនេះនឹងត្រូវបានផ្តល់អាទិភាព ជាអកុសលមន្ត្រីគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាស មិនអាចទំនាក់ទំនងជាមួយយន្ដហោះបាន។ លោក Yohanes ឱ្យដឹងផងដែរថា យោងតាមប្រព័ន្ធរ៉ាដា យន្តហោះមិនបានវិលត្រឡប់មកវិញទេ គឺបានធ្លាក់ចូលទៅក្នុងសមុទ្រក្បែររដ្ឋធានី ហ្សាកាតាក្នុងរយៈពេល១៣នាទីក្រោយពីចេញដំណើរ៕