(ម៉ូស្គូ)៖ កងទ័ពអាមេរិកនិងជប៉ុនបាន ចាប់ផ្តើមការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ សំដៅធ្វើតេស្តក៏ដូចជាពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធរួមគ្នា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
កងកម្លាំងនៃយោធាអាមេរិកនិងកងស្វ័យការពារជប៉ុន បានចាប់ផ្តើមសមយុទ្ធ «Keen Sword» នៅតាមមូលដ្ឋានយោធានានា ទូទាំងប្រទេសជប៉ុននៅដែនសមុទ្រដែលនៅជុំវិញនោះ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ។ សមយុទ្ធយោធាទ្វេភាគីនេះ ត្រូវបានបង្កើតឡើងដើម្បីបង្កើនសមត្ថភាពប្រុងជើងការប្រយុទ្ធ ក៏ដូចជាសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា រវាងកងទ័ពអាមេរិកនិងជប៉ុន ហើយវានឹងផ្តល់ឱកាសឲ្យភាគីទាំងពីរ ធ្វើការហ្វឹកហ្វឺនលើប្រតិបត្តិការតាមផ្លូវអាកាសនិងផ្លូវទឹក ដែលចាំបាច់សម្រាប់ស្ថានការណ៍សន្តិសុខនៅក្នុងតំបន់។
គួរជម្រាបថា សមយុទ្ធយោធាទ្រង់ទ្រាយធំនេះ មានចូលរួមពីសំណាក់កងទ័ពសរុបប្រមាណ១០,០០០នាក់មកពីប្រទេសទាំងពីរ៕