(ឡុងដ៍)៖ លោកស្រី ហាទីស សិនជីស (Hatice Cengiz) ដែលជាគូដណ្តឹងរបស់លោក ចាម៉ាល់ ខាសហូកជី (Jamal Khashoggi) បានបង្ហាញការជឿជាក់ថា អារ៉ាប៊ីសាអូឌីតពិតជាដឹងថា សាកសពរបស់អ្នកកាសែតរូបនេះស្ថិតនៅកន្លែងណា។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Cengiz បានលើកឡើងថា លោកស្រីប្រាកដក្នុងចិត្តណាស់ថា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតច្បាស់ជាដឹងថា សាកសពរបស់គូដណ្តឹងលោកស្រីស្ថិតនៅទីណា ហើយពួកគេគួតែឆ្លើយតបការទាមទាររបស់លោកស្រី ដោយសារតែវាពុំមែនត្រឹមជាការទាមទាររបស់គូដណ្តឹងម្នាក់ឡើយ ប៉ុន្តែក៏ក្នុងនាមជារបស់មនុស្ស និងជនម៉ូស្លីមម្នាក់ផងដែរ។ លោកស្រី Cengzi ក៏ចង់ឃើញជនដៃដល់ ដែលបានសម្លាប់លោក Khashoggi ព្រមទាំងបុគ្គលដែលបញ្ជានៅពីក្រោយខ្នង ត្រូវទទួលទោសតាមច្បាប់ផងដែរ។ លើសពីនេះលោកស្រី Cengzi បានបង្ហាញការសោកស្តាយជាខ្លាំង ដែលលោកស្រីមិនបានចូលទៅស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅក្រុងអ៉ីស្តង់ប៊ុល ប្រទេសតួកគី ជាមួយគូដណ្តឹង។
គួរជម្រាបថា លោក Khashoggi ដែលជាអ្នកកាសែតរិះគន់លើរបបដឹកនាំអារ៉ាប៊ីសាអូឌីត បានបន្តបាត់ខ្លួនរហូតមកទល់ពេលនេះ ចាប់តាំងតែពីលោកត្រូវគេប្រទះឃើញជាលើកចុងក្រោយ ដើរចូលទៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត នៅអ៉ីស្តង់ប៊ុល កាលពីថ្ងៃទី០២ ខែតុលា។
ក្រោយផ្ទុះដំណឹងបាត់ខ្លួនរបស់អ្នកកាសែតរូបនេះ អារ៉ាប៊ីសាអូឌីតបានប្រកែកថា មិនដឹងរឿងអ្វីឡើយដោយថា លោក Khashoggi បានចាកចេញទៅវិញក្រោយពីចូលមកកាន់ស្ថានកុងស៊ុល បានតែប៉ុន្មាននាទីប៉ុណ្ណោះ។ បន្ទាប់មកទៀត ទីក្រុងរីយ៉ាដ ក៏បានចេញមុខអះអាងជាថ្មីម្តងទៀតថា លោក Khashoggi បានស្លាប់ក្នុងស្ថានកុងស៊ុលមែន ប៉ុន្តែដោយសារតែទំនាស់វាយតប់គ្នាជាមួយបុគ្គលដទៃទៀត។ រហូតចុងក្រោយនេះ អារ៉ាប៊ីសាអូឌីតបានឆ្លើយទទួលស្គាល់ថា លោក Khashoggi ពិតជាត្រូវបានគេសម្លាប់ដោយមានគម្រោងទុកជាមុន។
អារ៉ាប៊ីសាអូឌីតបានបញ្ជាក់ថា ជនជាតិអារ៉ាប៊ីសាអូឌីតចំនួន ១៨នាក់ ត្រូវបានចាប់ខ្លួន ក្រោមបទសង្ស័យថា មានពាក់ព័ន្ធសំណុំរឿងឃាតកម្មនេះ តែពុំមានទាក់ទិនជាមួយព្រះអង្គម្ចាស់ស្នងរាជ្យឡើយ ហើយជនទាំងនោះនឹងត្រូវកាត់ទោសនៅអារ៉ាប៊ីសាអូឌីតផ្ទាល់ ទោះបីទីក្រុងអង់ការ៉ា បានទាមទារឲ្យបញ្ជូនទៅតួកគីក៏ដោយ៕