(ឥណ្ឌូណេស៊ី)៖ យន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ី មួយគ្រឿង ដែលមានមនុស្សសរុប ១៨៩នាក់នៅលើយន្តហោះ បានធ្លាក់ចូលទៅក្នុងសមុទ្រនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីទើបហោះហើរបានរយៈពេលប៉ុន្មាននាទីចេញពីរដ្ឋធានីហ្សាកាតា។ ខាងក្រោមនេះជាព័ត៌មានលម្អិតជុំវិញហេតុការណ៍ធ្លាក់យន្តហោះ៖
*ទីតាំង និងពេលវេលាធ្លាក់យន្តហោះ៖
យន្តហោះបានធ្វើដំណើរចេញពីអាកាសយានដ្ឋានក្នុងរដ្ឋធានីហ្សាកាតា នៅវេលាម៉ោង ៦៖២០នាទីព្រឹកថ្ងៃចន្ទនេះ ដោយគ្រោងចុះចតនៅអាកាសយានដ្ឋាន ដេប៉ាទី អាមឺ (Depati Amir) ក្នុងទីក្រុងផាងកាល ភីណាង (Pangkal Pinang) ស្ថិតលើកោះ បាងកា ប៊ែលីទុង (Bangka Belitung) នៃប្រជុំកោះស៊ូម៉ាត្រា ដោយប្រើពេល១ម៉ោង។ ជាអកុសល យន្ដហោះនេះស្រាប់តែបានបាត់ពីប្រព័ន្ធរ៉ាដា ដោយបានធ្លាក់ត្រង់ចំណុចដែនសមុទ្រ ការ៉ាវ៉ាង (Karawang) នៃខេត្ត Java របស់ប្រទេសឥណ្ឌូណេស៊ី បន្ទាប់ពីហោះហើរបានតែ ១៣នាទីប៉ុណ្ណោះ។
លោក Yohanes អ្នកនាំពាក្យភ្នាក់ងារគ្រប់គ្រងអាកាសចរណ៍ បានលើកឡើងថា យន្តហោះនេះបានស្នើសុំការអនុញ្ញាតវិលត្រឡប់មកវិញ បន្ទាប់ហោះហើរបានប្រហែល 12 ម៉ាយ ប៉ុន្ដែមិនបានបញ្ជាក់ថា មានភាពអាសន្ននោះទេ។ លោកបានបន្ថែមថា ក្នុងស្ថានភាពនេះ យន្តហោះនេះនឹងត្រូវបានផ្តល់អាទិភាពសម្រាប់ការចុះចត ជាអកុសលមន្ត្រីគ្រប់គ្រងចរាចរណ៍ ផ្លូវអាកាស មិនអាចទំនាក់ទំនងជាមួយយន្ដហោះបាន។ លោក Yohanes ឱ្យដឹងផងដែរថា យោងតាមប្រព័ន្ធរ៉ាដា យន្តហោះមិនបានវិលត្រឡប់មកវិញទេ។
* ជនរងគ្រោះ៖
ក្រុមហ៊ុនអាកាសចរណ៍បានឱ្យដឹងថា នៅលើយន្តហោះមានអ្នកដំណើរ និងអ្នកបើកបរ សរុប១៨៩នាក់ ក្នុងនោះមនុស្សវ័យ និងជំទង់ ១៧៨នាក់ កុមារម្នាក់ ទារក ០២នាក់ អ្នកបើក០២នាក់ និងក្រុមសហសេវិក ០៦នាក់។ លោក Sri Mulyani Indrawati រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូណេស៊ី បានឱ្យដឹងថា នៅលើយន្តហោះមានមន្ត្រីរាជការជាង២០នាក់ ដែលវិលត្រឡប់ទៅបំពេញការងារវិញ បន្ទាប់ពីចំណាយពេលដើរកំសាន្តចុងសប្តាហ៍ជាមួយគ្រួសារនៅរដ្ឋធានីហ្សាកាតា នាថ្ងៃឈប់សម្រាក។
ដោយឡែកមន្ត្រីជនជាតិឥណ្ឌូណេស៊ីម្នាក់ បានរួចជីវិត ដោយសារការស្ទះចរាចរណ៍ ដែលធ្វើឱ្យលោកខកជើងហោះហើរ។ លោក Sony Setiawan ជាមន្ត្រីម្នាក់នៅក្នុងក្រសួងហិរញ្ញវត្ថុឥណ្ឌូនេស៊ី បាននិយាយថាលោកគ្រោងនឹងធ្វើដំណើរតាមជើងហោះហើរ JT610 ដែលលោក និងមិត្តរួមការងារតែងតែជិះជារៀងរាល់សប្តាហ៍។ លោកព្យាយាមធ្វើដំណើរឆ្លងកាត់ផ្លូវដ៏កកស្ទះ នៅក្នុងរដ្ឋធានីហ្សាកាតា ដើម្បីឡើងយន្តហោះ ប៉ុន្តែបែរជាជាប់គាំងនៅលើផ្លូវអស់ពេលជាច្រើនម៉ោង។ ទីបំផុតលោកក៏បានរួចជីវិតពីហេតុការណ៍ដ៏អាក្រក់នេះ។
រហូតមកទល់ពេលនេះ សាកសពចំនួន១០នាក់ ត្រូវបានស្រង់ចេញពីទឹកសមុទ្រ ខណៈដែលដំណើរការនៃការស្វែងរកជនរងគ្រោះនឹងបន្តទាំងយប់ទាំងថ្ងៃ ដោយគ្មានសង្ឃឹមថានឹងមានអ្នកនៅរស់រានមានជីវិតឡើយ។
* អ្នកបើកបរ៖
សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនអាកាសចរណ៍ Lion Air បានឱ្យដឹងថា កាពីទែនយន្តហោះមានឈ្មោះថា Bhavye Suneja ជាជនជាតិឥណ្ឌា ធ្លាប់បើកបរសរុបរយៈពេល ៦,០០០ម៉ោង ដោយឡែក ពីឡុតមានឈ្មោះថា Harvino ធ្លាប់បានបើកបរសរុបជាង ៥,០០០ម៉ោង។ លោក Edward Sirait ប្រធានក្រុមហ៊ុនអាកាសចរណ៍ Lion Air បានឱ្យដឹងថា យន្ដហោះនេះគឺជាប្រភេទយន្តហោះ "អាចជឿទុកចិត្តបាន" ហើយអ្នកបើកបរសុទ្ធតែត្រូវបានត្រួតពិនិត្យទាំងអស់តាមនីតិវិធី មុនការបើកបរ មិនតែប៉ុណ្ណោះអ្នកបើកបរក៏បានឆ្លងកាត់ការពិនិត្យសារធាតុគ្រឿងញៀនជាចាំបាច់ផងដែរ។
* យន្តហោះ៖
យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន អាកាសចរណ៍ Lion Air ជាប្រភេទយន្តហោះ ២១០កៅអី។ ក្រុមហ៊ុន Tianjono បានឱ្យដឹងថា យន្តហោះទើបដាក់ប្រើប្រាស់កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ និងបានហោះហើរត្រឹមតែ ៨០០ម៉ោងប៉ុណ្ណោះ។ យន្តហោះ 737 MAX 8 គឺប្រភេទយន្តហោះទំនើបចុងក្រោយបំផុតដែលត្រូវបានគេផលិតឡើងជាលើកដំបូង ក្នុងឆ្នាំ១៩៦៧។ រហូតមកទល់ពេលនេះ យន្តហោះប្រភេទនេះជាង១ម៉ឺនគ្រឿងត្រូវបានផលិតឡើង ដែលធ្វើឱ្យវាក្លាយជាប្រភេទយន្តហោះលក់ដាច់បំផុត។
* ប្រតិបត្តិការស្រាវជ្រាវ និងជួយសង្គ្រោះ៖
ប្រធានទីភ្នាក់ងារជួយសង្រ្គោះឥណ្ឌូណេស៊ី លោក មូហាំម៉េដ ស៊ីយ៉ជី (Muhammad Syaugi) បានឱ្យដឹងថា ក្រុមអ្នកជួយសង្រ្គោះបានទៅដល់ទីតាំងធ្លាក់របស់យន្ដហោះ និងកំពុងធ្វើប្រតិបត្តិការមុជទៅក្នុងទឹកសមុទ្រ ដើម្បីស្វែងរកបំណែកយន្តហោះ និងអ្នកដំណើរ។ នាវា ឧទ្ធម្ភាគចក្រ និងអ្នកជួយសង្គ្រោះចំនួន២៥០ នាក់រួមទាំងអ្នកមុជទឹកផងដែរ កំពុងបំពេញការងារនៅកន្លែងកើតហេតុក្នុងសមុទ្រJava ដែលមានចំងាយ៣៤ម៉ាយល៍ភាគឦសានឆ្នេរសមុទ្រជិតរដ្ឋធានីហ្សាកាតា។ ក្រុមអ្នកមុជទឹក បានចុះស្រាវជ្រាវក្នុងទឹកសមុទ្រជម្រៅរហូតដល់៣៥ម៉ែត្រ។
អ្នកនាំពាក្យទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី លោក ស៊ូតូផូ នូក្រូហូ (Sutopo Purwo Nugroho) បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្ដាញសង្គម Twitter ដោយអះអាងថា ជាបំណែកយន្តហោះ និងសម្ភារៈមួយចំនួនរបស់អ្នកដំណើរនៃយន្ដហោះ Boeing 737 MAX 8។
* ប្រអប់ខ្មៅ៖
នារសៀលថ្ងៃចន្ទទី២៩ ខែតុលា អាជ្ញាធរឥណ្ឌូណេស៊ី ទើបកំណត់បានទីតាំងប្រអប់ខ្មៅទាំងពីររបស់យន្ដហោះ Boeing 737 MAX 8 ដោយសន្និដ្ឋានថា ប្រតិបត្តិការស្វែងរក និងជួយសង្រ្គោះ អាចនឹងត្រូវចំណាយពេលដល់ទៅ ០៧ថ្ងៃក្នុងករណីចាំបាច់។
យោងតាមបណ្ដាញសុវត្ថិភាពអាកាសចរណ៍បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Lion Air ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការហោះហើររបស់សហភាពអឺរ៉ុប កាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ ប៉ុន្តែក្រោយមកត្រូវបានលុបចេញពីបញ្ជី។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីគឺជាទីផ្សារអាកាសចរណ៍មួយ ដែលរីកចម្រើនលឿនបំផុតនៅលើពិភពលោក បើទោះបីជាកំណត់ត្រាផ្នែកសុវត្ថិភាពមិនទាន់ល្អប្រសើរនៅឡើយ។ ប្រសិនបើមនុស្សទំាងអស់នៅលើយន្តហោះ ស្លាប់បាត់បង់ជីវិតនោះ ការធ្លាក់យន្តហោះនេះនឹងក្លាយជាគ្រោះមហន្តរាយអាកាសចរណ៍ដ៏ធ្ងន់ធ្ងរបំផុតទីពីរ រាប់ចាប់ពីឆ្នាំ ១៩៩៧ មក៕
ព័ត៌មានលម្អិតជុំវិញហេតុការណ៍ធ្លាក់យន្តហោះឥណ្ឌូណេស៊ីចូលក្នុងសមុទ្រ ដែលមានមនុស្សសរុប១៨៩នាក់