(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានសរសើរលោកស្រី អាន់ជែលឡា មឺគែល សម្រាប់ការសម្រេចចិត្តលាលែងពីតំណែង ជាអធិការបតីអាល្លឺម៉ង់ នៅឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨។
លោក ម៉ាក្រុង លើកឡើងពីការសម្រេចចិត្តរបស់លោកស្រី មឺគែល ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយនាយករដ្ឋមន្ត្រីអេត្យូពី ក្នុងទីក្រុងប៉ារីស នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នាឱកាសនោះលោក ម៉ាក្រុង បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «វាគឺជាការសម្រេចចិត្តរបស់គាត់ (លោកស្រី មឺគែល) ហើយខ្ញុំគិតថា ការសម្រេចចិត្តនេះសាកសមនឹងទទួលបានការគោរព និងកោតសរសើរ ដ្បិតវាគឺជាការប្ដេជ្ញាចិត្តការពារតម្លៃអឺរ៉ុបរបស់លោកស្រី»។
គួរជម្រាបថា លោកស្រី អាន់ជែលឡា មឺគែល នៅថ្ងៃចន្ទសប្ដាហ៍នេះបានប្រាប់គណបក្ស CDU ថា លោកស្រីនឹងមិនឈរឈ្មោះជាបេក្ខជនប្រធានបក្សទៀតឡើយ នៅក្នុងការបោះឆ្នោតមួយនៅខែធ្នូខាងមុខនេះ ជាពិសេសគឺលោកស្រីនឹងលាលែងពីតំណែជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០២១។
ការសម្រេចចិត្តរបស់លោកស្រី មឺគែល ធ្វើឡើងបន្ទាប់ពីគណបក្សរបស់លោកស្រី បានបរាជ័យនៅក្នុងបោះឆ្នោតតំបន់ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ស្ថេរភាព នៃសម្ព័ន្ធភាពរដ្ឋាភិបាលចំរុះអាល្លឺម៉ង់បច្ចុប្បន្ន។ លោកស្រី មឺគែល បានកាន់តំណែងជាប្រធានបក្ស CDU ចាប់តាំងពីឆ្នាំ២០០០ មកម្ល៉េះ ហើយលោកស្រីក៏ជាមេដឹកនាំម្នាក់ ដែលដឹកនាំប្រទេសមួយនៅអឺរ៉ុប បានយូរជាងគេផងដែរ។
លោកស្រីបានក្លាយជាអធិការបតីអាល្លឺម៉ង់នៅឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន ហើយការសម្រេចចិត្តរបស់លោកស្រីនៅពេលនេះ អាចនឹងបង្កជាការប្រកួតយ៉ាងខ្លាំងនៅក្នុងគណបក្ស ដើម្បីយកតំណែងជាអធិការបតីអាល្លឺម៉ង់ នាពេលអនាគត៕