(ហ្សាការតា)៖ ទីបំផុតអ្នកជំនាញបានប្រទះឃើញ តួយន្តហោះដឹកអ្នកដំណើររបស់អាកាសចរណ៍ក្នុងស្រុកឥណ្ឌូណេស៉ី Lion Air ដែលធ្លាក់ចូលក្នុងសមុទ្រកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះហើយ ក្រោយពីការរុករកឈានដល់ថ្ងៃទី ៣។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀត បានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះបាងកា (Bangka) របស់ឥណ្ឌូណេស៊ី។
ក៏ប៉ុន្តែក្រោយមកយន្ដហោះនេះត្រូវបានគេទទួលស្គាល់ថា បានធ្លាក់ ខណៈមានសេចក្ដីរាយការណ៍ថា ពីឡុតដែលបញ្ជាយន្ដហោះនេះបានស្នើត្រឡប់មកកាន់អាកាសយានដ្ឋានវិញ មុនពេលបាត់ដំណឹងតែបន្តិចប៉ុណ្ណោះ។ យន្ដហោះនេះបានធ្លាក់នៅក្នុងដែនសមុទ្រនៃកោះ ការ៉ាវ៉ាង (Karawang) ស្ថិតនៅលើខេត្តជ្វា ក្រោយហោះឡើងបាន ១៣នាទី ចេញពីទីក្រុងហ្សាការតា ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Pangkal Pinang លើកោះ Bangka នៃប្រជុំកោះស៊ូម៉ាត្រា៕