(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក ចេមស៍​ ម៉ាត់ទីស (James Mattis) បាននិយាយថា ប្រធានាធិបតី​ស៊ីរី​លោក បាហ្សា អាល់​ អាស្សាដ នឹងត្រូវអស់​អំណាចនៅថ្ងៃណាមួយជាមិនខាន​ ដោយសារតែលោក​បានបាត់បង់​ទំនុក ក៏ដូចជាការ​គំាទ្រពីប្រជាជនស៊ីរី និងសហគមន៍​អន្តរជាតិ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។

ថ្លែងនៅក្នុងកិច្ចពិភាក្សា​ជាមួយវិទ្យាស្ថានសន្តិភាព​អាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃអង្គារ​សប្ដាហ៍នេះ លោក Mattis បានលើក​ឡើងយ៉ាងដូច្នេះថា «យើងបាន​ឃើញថា ហេតុផលដែលខ្ញុំគិតថា​គង់តែមានថ្ងៃ​ណាមួយ លោក អាស្សាដ នឹងត្រូវអស់អំណាច... ហើយខ្ញុំមិន គិតឡើយថា ការបោះឆ្នោតរៀបចំ​ឡើងដោយរបបដឹកនាំ​ស៊ីរីបច្ចុប្បន្ន នឹងទទួលបាន​ការជឿទុកចិត្ត ក៏ដូចជាគំាទ្រពី​ប្រជាជនស៊ីរី និងសហគមន៍​អន្តរជាតិ»។

គួរបញ្ជាក់ថា បើតាមលោក​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក សហរដ្ឋអាមេរិក​នៅតែបន្តប្ដេជ្ញាចិត្ត​ គាំទ្រដល់កងកម្លាំង​ឧទ្ទាមស៊ីរី និងស្វែង​រក​ដំណោះស្រាយ និងការផ្សះផ្សា​តាមរយៈកិច្ចចរចា​ទីក្រុងហ្សឺណែវ ព្រមទាំងកិច្ចខិតខំប្រឹងប្រែង​របស់បេសកជន​ពិសេស UN​ លោក ស្តាហ្វាន ដឺ មីស្ទើរ៉ា (Staffan de Mistura)។ តែទោះជា​យ៉ាងណា អ្វីដែលគេដឹង​នៅពេលនេះ គឺកងកម្លាំង​ប្រធានាធិបតីស៊ីរី​លោក បាស្សា អាល់ អាស្សាដ បានវាយ​ដណ្ដើមគ្រប់គ្រងទឹកដី​ឡើងវិញ ស្ទើរតែទាំងស្រុងទៅហើយ៕