(ស៉ីដនី)៖ អ្នកវិទ្យាសាស្រ្តអូស្រ្តាលី នាថ្ងៃពុធនេះបានឲ្យដឹងថា ពួកគេបានកំពុងបំលែងកម្មវិធីកុំព្យូរទ័រឆ្លាតវ័យមួយ (Artificial Intelligence ឬ AI) ដែលកន្លងមកត្រូវប្រើប្រាស់ដើម្បីចំណាំមុខមនុស្ស នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook នោះ ឲ្យទៅជាអាចតាមរកមើលកាឡាក់ស៉ី និងជួយដល់ការស្រាវជ្រាវរុករកក្នុងចក្រវាឡបានថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅល្ងាចថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨។
កម្មវិធី A.I. នេះអាចស្គែនមើលរូបភាពដែលថតបាន ដោយបណ្តាតេឡេស្កូបប្រភេទតាមដានរលកវិទ្យុ (Radio Telescope) ហើយតួនាទីរបស់វាគឺតាមស្វែងរកកាឡាក់ស៉ីនានា ដែលបញ្ចេញខ្សែរលកវិទ្យុដ៏មានឥទ្ធិពល ចេញពីប្រហោងខ្មៅយក្ស ដែលមានម៉ាស់ធំជាងព្រះអាទិត្យពីរាប់សែនរហូតដល់រាប់ពាន់លានដង នៅកណ្តាលបេះដូងរបស់ពួកវា។
ក្រុមអ្នកវិទ្យាសាស្រ្តនៃសាកលវិទ្យាល័យ Western Australia បានឲ្យដឹងថា ខ្សែរលកវិទ្យុទាំងនោះ អាចលាតសន្ធឹងចេញឆ្ងាយពីកាឡាក់ស៉ីមេរបស់ពួកវា ដែលជាហេតុអាចបង្កការលំបាក សម្រាប់កម្មវិធីកុំព្យូរទ័រធម្មតាៗធ្វើការកំណត់ថា តើកាឡាក់ស៉ីដែលជាប្រភពពួកវាស្ថិតនៅទីណា។ ដូច្នេះហើយ ទើបមានការសម្រេចអភិវឌ្ឍន៍កម្មវិធី AI ដែលមានសមត្ថភាពខ្ពស់។
គួរជម្រាបថា កម្មវិធីកុំព្យូទ័របែបឆ្លាតវៃនេះ កើតចេញពីកម្មវិធីបើកទូលាយមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Microsoft និងកម្មវិធីតាមដានវត្ថុរបស់ក្រុមហ៊ុនបណ្តាញសង្គម Facebook ហើយវាត្រូវបានធ្វើការកែលម្អថ្មីទាំងស្រុង និងត្រូវបានហ្វឹកហាត់ឲ្យរៀនចំណាំកាឡាក់ស៉ីជំនួសមុខមនុស្សវិញ៕