(វ៉ាស៊ីនតោន)៖ កិច្ចសហប្រតបត្តិការយោធារវាងរុស្ស៊ី និងចិន គឺជាឱកាសមួយសម្រាប់ទីក្រុងប៉េកាំង លួចកម្មសិទ្ធិបញ្ញាពីដៃគូរបស់ ខ្លួនដើម្បីយកទៅអភិវឌ្ឍន៍អាវុធ និងលក់ទៅវិញ។ នេះបើតាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក ចន បូលតុន (John Bolton) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក John Bolton ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយនៅឯមូលនិធិ អាឡិចហ្សង់ដឺ ហាមីលតុន (Alexander Hamilton) នៅឯទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃពុធសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ លោក Bolton បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រុស្ស៊ីបានលក់ប្រព័ន្ធអាវុធទំនើបៗឱ្យចិន ...តែខ្ញុំយល់ថា អ្វីដែលចិនកំពុងធ្វើដាក់រុស្ស៊ី គឺដូចគ្នាទៅនឹងអ្វីដែលទីក្រុងប៉េកាំងធ្លាប់បានធ្វើដាក់សហរដ្ឋអាមេរិក នោះគឺការចម្លង ឬការលួចកម្មសិទ្ធិបញ្ញាពីប្រព័ន្ធអាវុធដែលពួកគេទិញ ហើយលក់វាទៅវិញក្នុងតម្លៃថោកជាងរុស្ស៊ី»។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធកន្លងទៅអាជ្ញាធរអាមេរិក បានចោទប្រកាន់ជាផ្លូវការលើមន្ត្រីស៊ើបការណ៍ចិនម្នាក់ពីបទប្រមូលព័ត៌មាន និងលួចកម្មសិទ្ធិបញ្ញាពីបណ្ដាក្រុមហ៊ុនផលិតយន្ដហោះអាមេរិក។ ការលួចកម្មសិទ្ធិបញ្ញា គឺជាមូលហេតុមួយដែលធ្វើសង្រ្គាមពាណិជ្ជកម្មរវាងទីក្រុប៉េកាំង និងទីក្រុងវ៉ាស៊ីនតោនផ្ទុះឡើងក្នុងពេលបច្ចុប្បន្ន៕