(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក រេសិប តាយយីប អឺដូហ្គាន់ (Recep Tayyip Erdogan) បានប្រកាសនាថ្ងៃពុធសប្តាហ៍នេះថា ប្រទេសរបស់លោកបានចាប់ផ្តើមអភិវឌ្ឍន៍ប្រព័ន្ធខែលការពារដែនអាកាស រយៈចម្ងាយឆ្ងាយដោយខ្លួនឯងហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
ថ្លែងក្នុងពិធីធ្វើបទបង្ហាញប្រព័ន្ធបច្ចេកវិទ្យាថ្មីៗក្នុងវិស័យការពារជាតិ នៅឯរដ្ឋធានីអង់ការ៉ា លោក អឺដូហ្គាន់ បានឲ្យដឹងយ៉ាងដូច្នេះថា «ពួកយើងត្រូវការប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយឆ្ងាយដែលជារបស់យើងផ្ទាល់ ហើយនាពេលនេះយើងកំពុងបោះជំហានដំបូង ដើម្បីឆ្ពោះទៅសម្រេចគោលដៅនេះ។ ប្រទេសយើងបានចាប់ផ្តើមអភិវឌ្ឍន៍ប្រព័ន្ធជាស្នាដៃផ្ទាល់ខ្លួន ដែលនឹងត្រូវហៅថា Siper។ ការធ្វើតេស្តលើកដំបូងត្រូវបានគ្រោងនឹងប្រព្រឹត្តទៅនាចុងឆ្នាំ២០២១»។
គួរជម្រាបថា កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុននាំចេញសព្វាវុធរបស់រដ្ឋាភិបាលរុស្ស៉ី Rosoboronexport បានឲ្យដឹងថា រុស្ស៉ីបានចាប់ផ្តើមផលិតប្រព័ន្ធខែលការពារដែនអាកាស S-400 សម្រាប់ប្រទេសតួកគី។ កិច្ចព្រមព្រៀងនេះ បានបង្កឲ្យមានបញ្ហាវិវាទរវាងតួកគី និងសហរដ្ឋអាមេរិកដោយទីក្រុងវ៉ាស៉ីនតោន បានព្រមានដាក់ទណ្ឌកម្មប្រឆាំងទីក្រុងអង់ការ៉ា ព្រោះអាមេរិកយល់ថាប្រព័ន្ធសព្វាវុធនេះ មិនត្រូវគ្នាជាមួយសព្វាវុធការពារជាតិរបស់អង្គការ NATO៕