(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាននិយាយថា អាមេរិកនឹង​បង្កើនចំនួនទ័ព​ទៅកាន់តំបន់ព្រំដែន​អាមេរិក-​ម៉ិចស៊ីកូ​ឲ្យដល់ ១៥,០០០នាក់ ដើម្បី​ទប់ស្កាត់​​មិនឱ្យជនភៀសខ្លួន​ មកពីបណ្ដាប្រទេស​អាមេរិកកណ្ដាល​ ចូលក្នុងទឹកដី​អាមេរិក។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Sputnik​ នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។

ថ្លែងនៅឯសេតវិមាន​នៅថ្ងៃពុធ​សប្ដាហ៍នេះ មុននឹងធ្វើដំណើរ​ទៅកាន់រដ្ឋផ្លរីដា លោក ដូណាល់ ត្រាំ បានលើក​ឡើងយ៉ាងដូច្នេះថា «យើងអាចនឹង​បង្កើនចំនួនកងទ័ព​រហូតដល់ ១៥,០០០នាក់ ទៅកាន់តំបន់​ព្រំដែន ដើម្បីទប់ស្កាតលំហូរជនភៀសខ្លួន... ព្រំដែនរបស់ យើងគឺជា​កន្លែងដ៏ពិសិដ្ឋ ដូច្នេះសូមអញ្ជើញចូ​លមកដោយ​ស្របច្បាប់»

គួរជម្រាបថា កាលពីដើមសប្ដាហ៍​កន្លងទៅ មន្ទីរបញ្ចកោណ​បានប្រកាសថា អាមេរិកកំពុងបញ្ជូនកងទ័ព ៥,២០០នាក់ ទៅកាន់តំបន់ ព្រំដែន​អាមេរិក-ម៉ិចស៊ីកូ ដើម្បីទប់ស្កាត់​មិនឱ្យជនភៀសខ្លួន​មកពីបណ្ដា​ប្រទេសអាមេរិក​កណ្ដាល ចូលមកកាន់​សហរដ្ឋអាមេរិក។ ក៏ប៉ុន្តែគេមិនទាន់​ដឹងឱ្យប្រាកដថា ចំនួនកងទ័ពនេះគឺរួម ឬក៏មិនរួមបញ្ចូល​ក្នុងចំនួន​កងទ័ព ១៥,០០០នាក់ ឬយ៉ាង​ណានោះទេ ខណៈចំនួនកងទ័ពនេះត្រូវបានដាក់​ពង្រាយមែន នោះវានឹងមាន​ចំនួនច្រើនជាងកងទ័ព​អាមេរិក ដែលកំពុង​ឈរជើងនៅក្នុង ប្រទេសអាហ្វហ្កានីស្ថាន​នាពេលបច្ចុប្បន្ន​ទៅទៀត៕