(អង់ការ៉ា)៖ មូលនិធិ ម៉ាអារីហ្វ (Maarif Foundation) ដែលត្រូវគេមើលឃើញថា ជាដៃជើងរបស់ប្រធានាធិបតីតួកគីលោក អឺដូហ្គាន់ កំពុងព្យាយាមសាបព្រួសមនោគមន៍វិជ្ជាអ៊ីស្លាមជ្រុលនិយមនៅតំបន់ឧបទ្វីប បាល់កាន (Balkan) ភាគអាគ្នេយ៍អឺរ៉ុប។ នេះបើតាមការដកស្រង់ការផ្សាយចេញពីវែបសាយ stockholmcf.org នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក អឺដូហ្គាន់ បាននិងកំពុងប៉ុនប៉ងពង្រឹងឥទ្ធិពល នៅតាមប្រទេសមួយចំនួននៃតំបន់ Balkan ដើម្បីលើកកម្ពស់មនោគមន៍វិជ្ជាសាសនារបស់ខ្លួន ក្រោមស្លាកនៃវិស័យអប់រំ តួយ៉ាងដូចជាការទិញយកសាកលវិទ្យាល័យ ទីរ៉ាណញូយ៉ក (New York Tirana) នៅប្រទេសអាល់បានី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់មូលនិធិ Maarif ដែលទើបបើកសម្ពោធកាលពីខែតុលា ក្រោមវត្តមានរដ្ឋមន្រ្តីការបរទេសតួកគី ដែលជាភ្ញៀវកិត្តិយសពិសេស។
មូលនិធិខាងលើ ត្រូវគេចាត់ទុកថាគឺជា ផ្នែកមួយនៃគម្រោងមហិច្ឆតារបស់តួកគី ដើម្បីប្រែក្លាយខ្លួន ជាមហាអំណាចដ៏ធំមួយនៅលើពិភពលោក។ ចេតនាចម្បងនៅពីក្រោយការបង្កើតមូលនិធិ Maarif Foundation គឺការសាបព្រោះមនោគមន៍វិជ្ជាអ៊ីស្លាមជ្រុលនិយមរបស់លោក អឺដូហ្គាន់ នៅបរទេស និងបណ្តុះបណ្តាលមនុស្សជំនាន់ក្រោយ ដោយយោងទៅលើមនោគមន៍វិជ្ជា ដែលដាក់ចេញដោយប្រធានាធិបតីតួកគីរូបនេះ។
គួរជម្រាបថា សព្វថ្ងៃនេះមូលនិធិ Maarif មានការិយាល័យតំណាងនៅប្រទេសចំនួន ៣៤ និងគ្រប់គ្រងសាលារៀន ១០០កន្លែង នៅតាមប្រទេសចំនួន ២០។ នៅឯតំបន់ Balkans មូលនិធិនេះមានសកម្មភាពខ្លាំងក្លានៅឯ អាល់បានី, ម៉ាសេដូន, កូសូវ៉ូ និងបូស្នៀ-ហេហ្សេហ្គូវីណា។ មូលនិធិ Maarif គឺជាអាវុធយុទ្ធសាស្រ្តមួយរបស់លោក អឺដូហ្គាន់ ដែលបច្ចុប្បន្នទំនងជាលែងលាក់បាំងគម្រោងមហិច្ឆតារបស់ខ្លួន ដើម្បីក្លាយជាអ្នកគ្រប់គ្រងសហគមន៍អ៊ីស្លាមទាំងមូលទៀតហើយ៕